(ភ្នំពេញ)៖ លោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី រវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។
ឯកអគ្គរាជទូតថ្លែងបែបនេះកំឡុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជំនួយមនុស្សធម៌ និងសង្គ្រោះ King Salman (KSHARC) នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដើម្បីណែនាំពីកម្មវិធីវេជ្ជសាស្ត្រស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌល KSHARC នៅកម្ពុជា ដែលបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត និង ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមានការចូលរួមពីអ្នកជំនាញវេជ្ជសាស្ត្រ និងមន្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។
លោកឯកអគ្គរដ្ឋទូត Mohammed Ismaeil A.Dahlwy មានប្រសាសន៍ថា «កិច្ចខិតខំប្រឹងប្រែងផ្នែកវេជ្ជសាស្ត្រស្ម័គ្រចិត្តមនុស្សធម៌ គឺជាការបន្តនៃគំនិតផ្តួចផ្តើមមនុស្សធម៌ និងអភិវឌ្ឍន៍របស់អារ៉ាប៊ីសាអូឌីត ដែលផ្តល់ដល់ព្រះរាជាណាចក្រកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ននេះ មានតម្លៃសរុបលើសពី ៦លានដុល្លារអាមេរិក»។
លោកបានបន្ថែមថា តាមរយៈកម្មវិធីស្ម័គ្រចិត្តនេះ សមាជិកក្រុមវេជ្ជសាស្រ្ដអារ៉ាប៊ីសាអូឌីតដ៏ឆ្នើម ក៏បានផ្តោតទៅលើការផ្ទេរ និងផ្លាស់ប្តូរជំនាញ ជាមួយសមភាគីពេទ្យកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត Mohammed Ismaeil A.Dahlwy ក៏បានសម្តែងនូវជំនឿថា កម្មវិធីស្ម័គ្រចិត្តនេះនឹងមានឥទ្ធិពលវិជ្ជមានក្នុងការធ្វើឱ្យទំនាក់ទំនងមនុស្សធម៌កាន់តែស៊ីជម្រៅ ហើយការផ្លាស់ប្តូររវាងប្រទេសជាមិត្ត និងប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបានយកចិត្តទុកដាក់កន្លងមក ចំពោះប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់សញ្ជាតិ ឬសាសនាអ្វីឡើយ។
នាឱកាសនោះ ទេសរដ្ឋមន្ត្រីកម្ពុជា ក៏សង្ឃឹមផងដែរ ចំពោះការបន្តជំនួយមនុស្សធម៌ពីរដ្ឋាភិបាល និងប្រជាជននៃអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ផងដែរថា អារ៉ាប៊ីសាអូឌីតនឹងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជានៅឆ្នាំ២០២៤ នេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ រួមទាំងការទូត ការអប់រំ កីឡា និងពាណិជ្ជកម្ម។