(ភ្នំពេញ)៖ នៅចំពោះលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលកែប លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើដល់រដ្ឋបាលខេត្តកែប ពិនិត្យលើការដាំដើមឈើឱ្យបានច្រើននៅតាមបណ្តោយឆ្នេរសមុទ្រ ជាពិសេសនៅឆ្នេរអង្កោល ជំរុញការដាំដើមឈើសម្គាល់អត្តសញ្ញាណរបស់ខេត្ត ដើម្បីទាក់ទាញទេសចរមកកម្សាន្តតាមឆ្នេរ និងអាចមកទស្សនាព្រៃឈើ ពិសេសដើមឈើអត្តសញ្ញាណមួយរបស់ខេត្ត ដូចជាដើមក្ងោកជាដើម និងពង្រឹងបន្ថែមលើការរៀបចំសេវាទេសចរណ៍លំហែបៃតង។
ការស្នើបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅនៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកែប នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានខេត្តកែប។
ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានឱ្យរដ្ឋបាលខេត្តពង្រឹងការអភិវឌ្ឍជីវភាពសហគមន៍តាមរយៈការបង្កើនសេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីមានជំនឿថា ភាពស្អាត ជាពិសេសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបង្កើនគម្របបៃតង បានកំពុងបណ្តុះផ្នត់គំនិតស្អាត របស់ប្រជាពលរដ្ឋ មិនត្រឹមតែស្អាតនៅក្រៅ ជុំវិញផ្ទះសម្បែង តាមមូលដ្ឋាន ទីសាធារណៈកឺថែមទាំងស្អាតពីក្នុងចិត្ត ដែលយកចិត្តទុកដាក់លើការផ្តល់សេវាទេសចរណ៍ឱ្យបានល្អម្ហូបអាហារមានអនាម័យ និងមានតម្លៃសមរម្យ តម្លៃស្តង់ដារកំណត់ត្រឹមត្រូវផងនោះ ច្បាស់ណាស់ខេត្តកែបនឹងក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានដាក់ចេញផែនការវាយតម្លៃ និងលើកទឹកចិត្តដល់រដ្ឋបាលខេត្តណាដែលមានភាពស្អាត និងភាពបៃតងល្អជាងគេជាដើម។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំឱ្យមានសួនបណ្តុះកូនឈើតាមរាជធានី ខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំដុះ បង្កើនគម្របព្រៃឈើឡើងវិញ ឱ្យបាន១លាន ៣សែនដើមក្នុងមួយឆ្នាំ។ តាមរយៈពិព័រណ៍ពន្លកបៃតង រៀបចំដោយក្រសួងបរិស្ថាន នាពេលកន្លងទៅនេះ ក៏បានបណ្ដុះស្មារតីប្រជាពលរដ្ឋ ឱ្យចូលរួមដាំដើមឈើឡើងវិញ ឱ្យបានកាន់តែច្រើន ដោយក្រសួងបរិស្ថាន នឹងបន្តរៀបចំពិពរណ៍ពន្លកបៃតង ទ្រង់ទ្រាយធំនៅឆ្នាំក្រោយ នៅរាជធានីភ្នំពេញ និងតាមបណ្ដារាជធានីខេត្ត ផ្សេងទៀតផងដែរ។
ជាការឆ្លើយតបលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលកែប
បានបញ្ជាក់ថា ខេត្តកែប រដ្ឋបាលខេត្តកែប ប្តេជ្ញាធ្វើឱ្យខេត្តក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់ជាមួយភាពស្អាតរបស់កម្ពុជា៕