(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមការកំណត់ផ្តល់អត្ថប្រយោជន៍ដូចជា ផ្តល់សុវត្ថិភាព ជូនអ្នកប្រើប្រាស់យានយន្ត, កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍, រួមចំណែកការការពារហេដ្ឋារចនាសម្ពន័ផ្លូវថ្នល់ និងស្ពាន ប្រើប្រាស់រថយន្តបានយូរ ចំណេញពេលវេលា និងចំណាយថវិការតិចក្នុងការជួសជុល និងមានកត្តាផ្សេងៗជាច្រើនទៀត ដែលអ្នកប្រើប្រាស់យានយន្តគប្បីយកយានយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ។
ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ លោក ផន រឹម បានបញ្ជាក់ដូចនេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសជាឱឡារិកម្តងរួចមកហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ពីការមិនកំណត់ ឬរឹតត្បិតការនាំចូលរថយន្តដោយមិនកំណត់ឆ្នាំ តែត្រូវពង្រឹងសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ឱ្យបានត្រឹមត្រូវ និងតាមកាលកំណត់។
លោក ផន រឹម បានបន្ថែមថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមក្រសួងបច្ចេកទេសលើកិច្ចការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) បានបង្ហាញយន្តការ និងការប្តេជ្ញាចិត្តខ្ពស់ទាំងក្របខណ្ឌនយោបាយ និងបច្ចេកទេស លើប្រសាសន៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោក ប៉េង ពោធិ៍នា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរមណ្ឌលឆៀកនៅខេត្តតាកែវកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក៏បានប្រកាសថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់រថយន្ត សូមមកទទួលយកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)ដោយផ្ទាល់ កុំពឹងពាក់តាម រយៈអ្នករត់ការ ឬអន្ដរការី ចៀសវាងខាតបង់ថវិកា និងបង្ការការទទួលបានឯកសារមិនត្រឹមត្រូវតាមច្បាប់»។
សូមបញ្ជាក់ថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះធ្វើឡើងអនុលោមតាម៖ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ប្រកាសលេខ ១៧០ ប្រក.សក.ដជគ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះគ្រប់ប្រភេទ, ប្រកាស២៣៤ ប្រក.សក.ដជគ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។
ម្ចាស់យាន ឬអ្នកប្រើប្រាស់យាន មានកាត្វកិច្ចយកយានរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀកចល័ត។ គ្រប់រថយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។
លតាបត្រ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សម្រាប់ប្រភេទយាននីមួយៗមានសុពលភាពដូចជា៖ រថយន្តថ្មីប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាលប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ៤ឆ្នាំ។ រថយន្តចាស់ប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ២ឆ្នាំ។ រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ថ្មី ដែលមិនទាន់ប្រើប្រាស់មានសុពលភាព ២ឆ្នាំ។ រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ១ឆ្នាំ។ សឺមីរ៉ឺម៉ក រ៉ឺម៉កថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ២ឆ្នាំ និង សឺមីរ៉ឺម៉កចាស់ រ៉ឺម៉កចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ១ឆ្នាំ។
លោក ផន រឹម បានបន្ថែមថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមការកំណត់ ផ្តល់អត្ថប្រយោជន៍៖ ផ្តល់សុវត្ថិភាព ជូនអ្នកប្រើប្រាស់យានយន្ត, កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍, រួមចំណែកការការពារ ហេដ្ឋារចនាសម្ពន័ផ្លូវថ្នល់ និងស្ពាន, ប្រើប្រាស់រថយន្តបានយូរ ចំណេញពេលវេលា និងចំណាយថវិការតិចក្នុងការជួសជុល, ការពារបរិស្ថាន (អនុវត្តតាមវិធានការគ្រប់គ្រង ទៅលើការបំពុលខ្យល់ពីយានយន្ត) បន្ថែមលើនេះសម្រាប់ការអនុវត្តរបស់សមត្ថកិច្ចនៅលើដងផ្លូវ(ប៉ូលីសចរាចរណ៍) នឹងធ្វើការត្រួតពិនិត្យ ករណីយានយន្តមិនមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំការអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ដើម្បីជំរុញឱ្យនគរបាលចរាចរណ៍ធ្វើយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចជាភ្លៀងរលឹម និងស្នើសុំកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ឃាត់ទុកនូវរថយន្តដែលកែច្នៃដំឡើងដោយគ្មានការអនុញ្ញាត និងមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ជាធរមាន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)កំពុងដំណើរការចំនួន ២២ទីតាំង គឺនៅរាជធានីភ្នំពេញចំនួន ៨ទីតាំង នៅតាមបណ្តាខេត្តចំនួន ១៤ទីតាំង រួមទាំងម៉ាស៊ីឆៀកចល័តចំនួន ៤គ្រឿង សម្រាប់ផ្តល់សេវាដល់ខេត្តចំនួន៩ ដែលគ្មានមណ្ឌលឆៀករួមមាន៖ ត្បូងឃ្មុំ, មណ្ឌលគិរី, ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ កោះកុង កែប និងព្រែវែង៕