(ភ្នំពេញ)៖ តំបន់កិច្ចសហប្រតិបត្តិការត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលយើងនិយាយស្រួលស្តាប់គឺ «តំបន់មុំ៣» បានក្លាយជាប្រធានបទក្តៅនៅតាមតាមបណ្តាញសង្គម បើទោះបីជាកិច្ចសហប្រតិបត្តិការនេះ បានចាប់កំណើតតាំងពីឆ្នាំ១៩៩៩ មកក៏ដោយនោះ។
វាបានក្លាយជាប្រធានបទក្តៅ និងការបញ្ចេញមតិព្រោងព្រាត ដោយប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ចេញមកបារម្ភ និងគិតថាប្រទេសកម្ពុជាយើង បានកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ទៅឲ្យវៀតណាម។
ជាមួយនឹងការចាញ់បោកការឃោសនា និងជឿលើការនិយាយបំភ្លើស ដើម្បីកេងចំណេញនយោបាយរបស់ក្រុមប្រឆាំង, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដែលជាអ្នកផ្តួចផ្តើមគំនិតឲ្យបង្កើត កិច្ចសហប្រតិបត្តិការត្រីកោណនេះ បានចេញមកបកស្រាយច្បាស់ៗរួចទៅហើយ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ហើយនៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញបញ្ជាក់នូវជំហរយ៉ាងច្បាស់លាស់ថែមទៀតចំពោះកិច្ចសហប្រតិបត្តិការមួយនេះ។
បន្ថែមនឹងការបកស្រាយរបស់មេដឹកនាំជាន់ខ្ពស់របស់ប្រទេសជាតិ, នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជាន់ខ្ពស់ម្នាក់នៅក្នុងជួរកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមតស៊ូរំដោះប្រទេសជាប់មករហូតជាមួយសម្តេចតេជោ ហ៊ុន សែន និងជាឥស្សរជនម្នាក់ដែលមានចំណេះដឹង និងបទពិសោធន៍យ៉ាងក្រាស់ក្រែលលើបញ្ហាជាតិ ក៏បានបញ្ចេញមតិដោយចោទជាសំណួរ និងចម្លើយជូនបងប្អូនជនរួមជាតិ ឲ្យកាន់តែភ្លឺច្បាស់ចំពោះកិច្ចសហប្រតិបត្តិការនៅមុំ៣ រវាងប្រទេសទាំង៣នេះ។
ចំពោះការបញ្ចេញមតិទាំងនេះ មានការចោទសួរឆ្លើយមួយដែលគួរឲ្យចាប់អារម្មណ៍ និងឡូហ្សិកនោះគឺថា «បើយើងគិតថាការជ្រើសយកខេត្តចំនួន៤ ដើម្បីអភិវឌ្បន៍ ជាការធ្វើឱ្យបាត់ទឹកដីនោះ? ចុះវៀតណាមដែលបានជ្រើស រើសយកខេត្ត៥ និងឡាវយកខេត្ត៤ ដើម្បីអភិវឌ្បន៍នៅតំបន់មុំបីប្រទេសដែរ តើប្រជាជនវៀតណាម និងប្រជាជនឡាវគិតថា ពួកគេបានកាត់ទឹកដីមកឱ្យកម្ពុជាដែរឬទេ?»
ខាងក្រោមនេះជាការលើកឡើងនូវគំនិត និងទស្សនៈរបស់មន្រ្តីជាន់ខ្ពស់ម្នាក់នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ៖
*ទី១៖ ហេតុអ្វីទើបនាំគ្នាជជែកពីទឹកដីព្រំដែននៅពេលនេះ?
*ចម្លើយ៖ ដោយសារកម្ពុជា មានសន្តិភាព ដែលបង្កើតឡើងដោយនយោបាយឈ្នះឈ្នះ ! មគ្គុទេសក៍ ស្ថាបនិកគឺសម្តេចតេជោ ហ៊ុន សែន។ សូមស្តាប់បទចម្រៀងកាលពីសម័យ លន់ នល់ ដែលជាអ្នកនយោបាយបញ្ឆេះភ្លើង សង្រ្គាមតាមរយៈរដ្ឋប្រហារយោធានាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ តើពេលនោះខ្មែរ បានគិតគូរទឹកដីនៅទីកន្លែងណា? រដ្ឋប្រហារយោធានេះ ហើយដែលបើកឱកាសឱ្យ ប៉ុលពត ឡើងដឹកនាំរបបប្រល័យពូជសាសន៍ សម្លាប់ប្រជាជនកម្ពុជារាប់លាននាក់ ត្រូវបានតុលាការកម្ពុជាដែលមានចៅក្រមបរទេសចូលរួមនោះ កាត់ទោសតើអ្នកនយោបាយទាំងនោះបាននាំអ្វីខ្លះមកឱ្យខ្មែរ សូមបងប្អូនពិចារណាចុះ!
សូមចូលទៅស្តាប់បទចម្រៀងកាលពីសម័យ លន់ នល់
https://www.youtube.com/watch?v=Fj-zgSZspXs
https://www.youtube.com/watch?v=FwOwvrtGmPE
https://www.youtube.com/watch?v=rZK90myfKgw
*ទី២៖ ការបារម្មណ៍ និងគិតគូរពីបញ្ហាជាតិទឹកដីគឺត្រឹមត្រូវ។ តែការដែលបងប្អូនជនរួមជាតិទទួលបានព័ត៌មានតែម្ខាង មិនស្វែងយល់ពីព័ត៌មានពិតខាងរាជរដ្ឋាភិបាលនោះ ហើយយកមកវិភាគរហូតវាយប្រហាររាជរដ្ឋាភិបាលតពី
មាត់មួយទៅមាត់មួយនោះគួរពិចារណាឡើងវិញឱ្យបានល្អិតល្អន់! បើយើងគិតថាការជ្រើសយកខេត្តចំនួន៤ ដើម្បីអភិវឌ្បន៍ ជាការធ្វើឱ្យបាត់ទឹកដីនោះ?
*ចម្លើយ៖ ចុះវៀតណាមដែលបានជ្រើសរើសយកខេត្ត៥ និងឡាវយកខេត្ត៤ ដើម្បីអភិវឌ្បន៍នៅតំបន់មុំបីប្រទេសដែរ តើប្រជាជនវៀតណាម និងប្រជាជនឡាវគិតថា ពួកគេបានកាត់ទឹកដីមកឱ្យកម្ពុជាដែរឬទេ?
*ទី៣៖ នៅតំបន់មុំបីបានបោះបង្គោលព្រំដែនរួចហើយ។ ហើយនៅចុងឆ្នាំ២០២៣កន្លងទៅ រដ្ឋមន្ត្រីការពារជាតិប្រទេសទាំង៣ បានជួបប្រាស្រ័យពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារបង្គោលព្រំដែន ទប់ស្កាត់បទល្មើសឆ្លងដែន និងអប់រំប្រជាជននៅតាមបណ្តោយព្រំដែនអំពីច្បាប់ព្រំដែនកុំឱ្យឆ្លងចេញចូល ឬធ្វើសកម្មភាព អ្វីដែលនាំដល់ការរំលោភច្បាប់ប្រទេសនីមួយៗ និងច្បាប់អន្តរជាតិ ស្តីពីព្រំដែន តើនោះមិនមែនជាការយកចិត្តទុកដាក់ការពារព្រំដែនទេឬ? កងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ បាននិងកំបន្តស្ថាបនាផ្លូវតាមបណ្តោព្រំដែនទាំងជាមួយវៀតណាម ទាំងជាមួយឡាវ ព្រមទាំងជាមួយថៃ តើមិនដើម្បីការការពារព្រំដែនទេឬ?
*ទី៤៖ ប្រទេសយើងជាប្រទេសកសិកម្ម យើងមានទន្លេមេគង្គ ហូរតាត់ប្រទេស តែខេត្តមួយចំនួនក្នុងមួយឆ្នាំ បង្កបង្កើនផលបានតែមួយដងដោយពឹងតែទឹកភ្លៀង តើការជីកព្រែកហ្វូណនតេជោផ្តល់ផលប្រយោជន៍អ្វីខ្លះ?
*ចម្លើយ៖ គឺដោះស្រាយក្តីកង្វល់របស់បងប្អូនជនរួមជាតិដែលស្រឡាញ់ជាតិ និងចង់បានការអភិវឌ្បពិតប្រាកដ !
*ទី៥៖ សរុបសេចក្តីមក បងប្អូនគិតគូរពីប្រទេសជាតិគឺត្រូវត្រូវ រិទ្ធតែត្រឹមត្រូវទៅទៀតដែលយើងទទួលបាននូវព័ត៌មានពិត និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ទន្ទឹមនោះសូមលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នឧបាយកលញុះញង់បំផ្លឹសបំប៉ោងព័ត៌មានខុសការពិត ដើម្បីមហិច្ឆិតានយោបាយ (អត្តទត្ថបុគ្គល) របស់ជនជាតិខ្មែរខ្លះដែលគិតខ្លី ហើយគំនិតខ្លីរបស់អ្នកនយោបាយ ទាំងនោះ កំពុងបម្រើឧបាយកលឱ្យបរទេសដែលមានមហិច្ចិតាអាក្រក់សម្រាប់កម្ពុជាថែមទៀត៕
ភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤
ទស្សនៈមន្ត្រីជាន់ខ្ពស់កម្លាំងប្រដាប់អាវុធ