(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ញើសារលិខិតគោរពជូនពរសម្តេច ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ក៏ជាថ្ងៃប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំបានទទួលរួចហើយនូវលិខិត ជូនពរប្រកបដោយមនោសញ្ចេតនាដ៏កក់ក្តៅរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ ក្នុងឱកាសខួបកំណើតខ្ញុំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃ ប្រវត្តិសាស្ត្រនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោផងដែរ។
នាឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចមហាបវរធិបតី និងលោកជំទាវ ចំពោះសារជូនពរ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន និងពាក្យពេចន៍ ដែលមានខ្លឹមសារសាធុការពរជ័យ សិរីមង្គល មហាប្រសើរគ្រប់ប្រការជូនដល់ខ្ញុំ។
ខ្ញុំសូមជូនពរ សម្តេចមហាបវរធិបតី និងលោកជំទាវ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួល បានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំរាជរដ្ឋាភិបាល បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាពិសេសការការពារសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព បូរណភាពដែនដី និងការអភិវឌ្ឍ ពោរពេញដោយភាពចម្រុងចម្រើនសង្គមសេដ្ឋកិច្ច និង លើកតម្កើងសុខុមាលភាព របស់ជនរួមជាតិយើង។
ខ្ញុំសូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាឆ្នាំថ្មី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជបារមី នៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំ នូវសព្ទសាធុការពរជ័យជូន សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ»៕