(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានទទួលស្គាល់ ការចូលរួមរបស់ជនពិការ គឺជាការចូលរួម ដ៏មានសារៈប្រយោជន៍សម្រាប់អភិវឌ្ឍប្រទេសជាតិ ព្រោះកាលណា បើយើងអាចវិនិយោគលើជនពិការបាន នោះមានន័យថា ប្រទេសជាតិរបស់យើង គឺសំបូរទៅដោយធនធានមនុស្ស ដើម្បីប្រកួតប្រជែងលើទីផ្សារទាំងក្នុងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ»។
ការថ្លែងបែបនេះ លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងឱកាសប្រារព្ធពិធីទិវាមនុស្សគ-ថ្លង់អន្ដរជាតិ ឆ្នាំ២០១៦ ក្រោមប្រធានបទ «មានភាសាសញ្ញា ខ្ញុំអាចរស់បាននៅដោយស្មើភាព»។ ពិធីនេះ ត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួង និងមានការចូលរួមពីលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងមន្ដ្រីពាក់ព័ន្ធ ជនពិការ ជាច្រើនរូបទៀតផងដែរ។
លោករដ្ឋមន្ដ្រី វង សូត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើវិស័យអប់រំជាចំបង ពិសេសការផ្តល់ឱកាសដល់ បងប្អូនជនពិការគ្រប់រូប តាមរយៈការផ្តល់អាហាររូបករណ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត អាហារូបករណ៍របស់សប្បុរសជន ជូនក្មួយៗជនពិការ ដែលមិនមានលទ្ធភាពអាចបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា ឬនៅមហាវិទ្យាល័យបាន។ ទន្ទឹមនឹងនោះ ទាំងអស់គ្នា ក៏ត្រូវតែទទួលស្គាល់ផងដែរថា ការស្តាប់មតិយោបល់របស់បងប្អូនជនពិការ និងការចូល រួមរបស់ពួកគាត់នៅក្នុងកិច្ចការផ្តល់យោបល់សម្រាប់ ការកសាងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ គឺជាប្រការសំខាន់ណាស់ដូចពាក្យស្លោកមួយពោលថា «គ្រប់កិច្ចការពីការភាព ត្រូវតែមានជនពិការចូលរួម»។
លោករដ្ឋមន្ដ្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ជម្រុញការធ្វើសមាហរណកម្មមនុស្ស គ-ថ្លង់ទៅក្នុងសង្គម ដោយបង្កឱកាសឲ្យបងប្អូន ជនពិការ កាន់តែទទួលបានតម្រូងការចាំបាច់នានាដូចជាមនុស្សទូទៅដែរ ដោយផ្តល់ឱកាសឲ្យបងប្អូនគ-ថ្លង់បានចូលរួមពេញលេញនិងស្មើសំដៅ កសាងសង្គមមួយសម្រាប់ទាំងអស់គ្នា សង្គមមួយគ្មានឧបសគ្គ គ្មានការរើសអើង សង្គមមួយដែលផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋាន។
ជាមួយគ្នានោះដែរ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជពិការ បានបង្ហាញថា អត្រាក្មួយៗគថ្លង់ ដែលទទួលបានសិក្សា មានចំនួន ៥៤៥នាក់ ដែលក្នុងនោះក្នុងឆ្នាំ២០១៦ សិស្សគថ្លង់ចំនួន ១៤នាក់ក្នុងចំណោម២២នាក់ ស្មើនឹង៦៥%បានប្រលងជាប់កម្រិតសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៥-២០១៦នេះ ដែលទិន្នន័យនេះ លើសពីអត្រាជាប់សញ្ញាបត្រទុតិយភូមិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានចំនួនជាង៦២% សិស្សប្រលងកម្រិតសញ្ញាបត្រទុតិយភូមិទាំងអស់។
បន្ថែមពីនេះ លោក ឯម ច័ន្ទមករា សូមថ្លែងអំណរគុណចំពោះទីភ្នាក់ងារអូស្រា្តលី សម្រាប់អភិវឌ្ឍអន្តរជាតិ តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ អង្គការ CDMD អង្គការ ADD ប្រចាំនៅកម្ពុជា អង្គការ Aide et Action និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត ដែលបានជួយឧបត្ថម្ភគាំទ្រដល់ពិធីនេះ។
កុមារគ-ថ្លង់ ចំនួន៥៤៩នាក់ បាននិងកំពុងសិក្សានៅថ្នាក់សមាហ រណកម្ម និងកម្រិតបឋមសិក្សា។ និស្សិតគ-ថ្លង់ ចំនួន ៣៧នាក់ កំពុងសិក្សា ក្នុងថ្នាក់មហាវិទ្យាល័យ ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន ០៤រូប។ សិស្សគ-ថ្លង់ចំនួន ២៣នាក់ កំពុងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ លើមុខវិជ្ជា៖ កាត់សក់ កាត់ដេរ ជួសជុលគ្រឿងអេឡិចត្រូនិក កែសម្ផស្ស និងកុំព្យូទ័រ។ ចំនុចទាំងនេះ គឺជាសក្ខីភាព នៃកាលានុវត្តភាពថ្មីមួយទៀត ក្នុងវិស័យពិការភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បណ្តាលដៃគូពាក់ព័ន្ធបាន ខិតខំរួមគ្នាក្នុងការអនុវត្ត ស្របតាមផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ២០១៤-២០១៨ ដែលធានាដល់ជនមានពិការភាពទទួលបាន សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាពស្មើៗ៕