(កោះកុង)៖ ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បាននាំយកទៀនព្រះវស្សា ទេយ្យទាន រួមនឹងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទៀនព្រះវស្សា និងទេយ្យទានទាំងនេះ ជាសុទ្ធារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ការនាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃនៅវត្តថ្មីនេះដែរ ដឹកនាំដោយលោក ហាក់ ឡេង ប្រធានក្រុមការងារ អ.ម.ត ខេត្តកោះកុង ដើម្បីវេរប្រគេនដល់ព្រះសង្ឃក្នុងរយៈពេលគង់ចាំព្រះវស្សាក្នុងត្រីមាសនៅទីវត្តអារាម ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាតបាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ។
ក្នុងឱកាសនេះ លោក ហាក់ ឡេង បានថ្លែងថា សូមជនរួមជាតិចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹកខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការទូងស្គរ វាយជួងជាដើម ដើម្បីមោទនជាតិខ្មែរ និងជាថ្ងៃដ៏ប្រវត្តិសាស្ត្ររបស់កម្ពុជា៕