(កណ្ដាល)៖ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងបទល្មើសនេសាទនៅទឹកដីរបស់ខ្លួនដោយកម្ទេចចោលឧបករណ៍ទាំងអស់ និងព្រមានវិធានការច្បាប់ចំពោះនរណាដែលហ៊ានរឹងទទឹង។ ជនដែលប្រព្រឹត្តបទល្មើសនេសាទជាជនជាតិវៀតណាមខុសច្បាប់ និងកំពុងត្រូវបានអាជ្ញាធរស្រាវជ្រាវតាមចាប់ខ្លួន។
លោកអភិបាលស្រុកថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៍ម៉ឺងម៉ាត់របស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល, គណៈបញ្ជាការឯកភាព ស្រុកលើកដែក បានចាត់តាំងក្រុមការងារដឹកនាំដោយលោក មាស សាន់ នាយសង្កាត់ជលផលលើកដែក បានចុះបង្ក្រាបបទល្មើសជលផលនៅភូមិសាស្ត្រដែលជនជាតិវៀតណាមបានប្រព្រឹត្តល្មើស។
លោកថា ជាលទ្ធផលនៅចំណុចឃុំក្អមសំណ-ក្រុងសំពៅពូន កម្ទេចចោលនៅនិងកន្លែងលូស្បៃមុង ចំនួន១៩មាត់ របាំងស្បៃមុង ប្រវែង១៧០០ម បង្កោល ចំនួន៥០០ដើម លែងកូនត្រី ចំនួន២០០គ.ក្រ។ ចំពោះបទល្មើសនេសាទដែលកើតមាននៅចំណុចនេះ សុទ្ធសឹងជាជនជាតិវៀតណាមរស់នៅភូមិសាស្រ្តខ្នាតាំងយូ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។ ជនល្មើសនឹងត្រូវស្រាវជ្រាវយកមកអនុវត្តតាម នីតិវិធីច្បាប់ដោយគ្មានការលើកលែង។
លោកអភិបាលស្រុក បានសំណូមពរ បងប្អូនប្រជាពលរដ្ឋកុំយកលេសថាក្រទើបប្រព្រឹត្តបទល្មើស តែសូមគោរពច្បាប់ និងគិតគូរពីផលប៉ះពាល់មច្ឆាជាតិផង បើនៅតែបន្តប្រព្រឹត្តបទល្មើសនេសាទទៀត នោះផលមច្ឆាជាតិយើង នឹងរលាយហិនហោចមិនខានឡើយ ដោយចាប់ខ្លួនទាំងអស់មិនថាជនបរទេស ឬជនជាតិខ្មែរយើងឡើយបើសិនហ៊ានប្រព្រឹត្តល្មើសតទៀត៕