(កំពង់ចាម)៖ លោក ខេង ម៉េងឈុន ត្រូវបានតែងតាំងជាប្រធានគណៈកម្មការបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ។ ពិធីសម្រួលភារកិច្ច និងតែងតាំងនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកព្រៃឈរ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងលោក ខ្លូត ផន អនុប្រធានបក្សខេត្ត។
បន្ទាប់ពីពិធីប្រគល់ត្រា លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ផ្ដាំផ្ញើឱ្យប្រធានគណៈកម្មការបក្សប្រជាជនស្រុកព្រៃឈរ ដែលទើបទទួលតំណែងថ្មី ត្រូវបន្តដឹកនាំ និងរៀនសូត្រអំពីគន្លឹះល្អៗ គឺថ្នាក់ដឹកនាំចាស់ ដើម្បីធ្វើយ៉ាងណា នាំមកនូវការរីកចម្រើន និងភាពជោគជ័យជូនគណបក្សជាបន្តទៅទៀត។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា ក៏បានផ្ដាំផ្ញើលើការងារចំនួន៥ចំណុចបន្ថែមទៀតដូចខាងក្រោម៖
*ទី១៖ ត្រូវបន្តអនុវត្តគោលការដឹកនាំ ទៅមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ត្រូវចេះលើកយកបញ្ហាផ្សេងៗ មកពិភាក្សាគ្នាក្នុងអង្គប្រជុំ ហើយត្រូវជៀសវាងការដឹកនាំបែបអត្តនោម័ត។
*ទី២៖ ត្រូវបន្តធ្វើបច្ចុប្បន្នភាពសមាជិករបស់ខ្លួន នឹងត្រូវគ្រប់គ្រងសមាជិករបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ។
*ទី៣៖ ត្រូវមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ជាប់ជាប្រចាំ ជាមួយក្រុមការងារគ្រប់ថ្នាក់ ដែលចុះជួយស្រុកព្រៃឈរ ដើម្បីភាពរីកចម្រើន នៅក្នុងមូលដ្ឋានរបស់ខ្លួន។
*ទី៤៖ ត្រូវបន្តដោះស្រាយនៅបញ្ហាផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលនៅសេសសល់ ដូចជាបណ្ដឹង ក៏ដូចជាសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ។
*ទី៥៖ ត្រូវបន្តតាមដានស្ថានភាពនយោបាយដែលវិវត្តន៍ ទាំងក្នុងនិងក្រៅប្រទេស៕