(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសង្គមថ្មី បានអំពាវនាវប្រគេនព្រះសង្ឃ និងជំរាបជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយទូងស្គរ ទះប៉ោត គោះត្រដោក វាយជួង និងតាមគ្រប់មធ្យោបាយដែលមាន ដើម្បីមោទនភាពជាតិខ្មែររបស់យើង។
ការថ្លែងអំពាវនាវបែបនេះរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលោកដឹកនាំក្រុមការងារ មន្ត្រីរាជការ អជ្ញាធរស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋ ចូលរួមប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ បច្ច័យ ប្រគេនព្រះសង្ឃចំនួន៩វត្ត ទូទាំងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ នៅវត្តបឹង ក្នុងឃុំចំរើន ស្រុកសង្គមថ្មី។
នៅក្នុងឱកាសនោះ លោក សំ លាងទ្រី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, លោក មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ, លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក ព្រហ្ម ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាទូទាំងស្រុកសង្គមថ្មី។
លោកបញ្ជាក់ថា ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ដែលនាំមកប្រគេនព្រះសង្ឃចំនួន៩វត្ត នាពេលនេះគឺកើតឡើងដោយការរួមសាមគ្គីគ្នារបស់ក្រុមការងារចុះមូលដ្ឋានស្រុកសង្គមថ្មី អាជ្ញាធរស្រុកសង្គមថ្មី និងមន្ត្រីរាជការ របស់យើង ដោយក្នុងវត្តនីមួយៗទទួលបាន៖ ទៀន១គូរ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ៤កេស ទឹកក្រូច២កេស ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ត្រីខ៤យួរ មី២កេស គុយទាវ២កេស ប្រេងឆា២ដប ទឹកដោះគោខាប់៥កំប៉ុង អំបិល២គីឡូក្រាម ស្កសរ២គីឡូក្រាម តែ២កញ្ចប់ធំ ប្រេងម៉ាស៊ូត៣០លីត្រ ទៀនធូប១ឈុត និងបច្ច័យចំនួន១លានរៀល៕