(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ពីជំហរថា លោកស្វាគមន៍ចំពោះការកោះហៅសួរដេញដោល ពីសមាជិករដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលបានលើកឡើងកាលពីពេលថ្មីៗនេះ ដើម្បីបានពន្យល់ពីកិច្ចការនានា ពាក់ព័ន្ធនឹងវិស័យយោធា។
ការបញ្ជាក់យ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងក្រោយពីជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នាទីស្ដីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានឱ្យដឹងថា លោកស្វាគមន៍ និងរីករាយចំពោះការកោះហៅ សួរដេញដោលបំភ្លឺ ដើម្បីបានជម្រាបប្រាក់អ្នកទាំងនោះ និងប្រជាពលរដ្ឋទូទៅប្រទេស ឱ្យបានដឹងច្បាស់ពាក់ព័ន្ធនឹងវិស័យយោធា និងការពារជាតិ។
លោកថា «ខ្ញុំរីករាយចំពោះកិច្ចការនេះ ដើម្បីមានឱកាសជម្រាបប្រាប់ផ្ទាល់ដល់អ្នកផងឱ្យបានដឹង ពីកិច្ចការទាំងនេះ ថាយ៉ាងម៉េចពាក់ព័ន្ធជាមួយផ្នែកយោធា ខ្ញុំរីករាយណាស់បើសិនជាមានកិច្ចការនេះកើតឡើង»។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គ្រោងនឹងកោះហៅរដ្ឋមន្រ្តីក្រសួងចំនួន៤ ដើម្បីសួរដេញដោលជុំវិញបញ្ហាអនុវត្តការងារកន្លងមក រួមមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ដែលលោកចាត់ទុកថា ក្រសួងទាំងនេះបានអនុវត្ត ការងារដោយមិនប្រក្រតី។
លោកឧបនាយករដ្ឋមន្រ្តីបបានបន្ថែមថា ចំពោះរឿងមតិសាធារណៈ ដែលបានលើកឡើងថា កងកម្លាំងយោធាមានភាពលំអៀងទៅគណបក្សប្រជាជនកម្ពុជា នោះជារឿងដែលគេចេះតែថាគ្មានមូលដ្ឋានច្បាស់លាស់ តែការពិតជាក់ស្ដែងនៅតែជាការពិត, ដោយលោកថា «រឿងនេះថាម៉េចក៏ថាបានដែរ ព្រោះរឿងសគេថាខ្មៅក៏បាន រឿងមិនមានគេថាមានក៏បាន តែរឿងជាក់ស្ដែងពិតនៅតែជាការពិត ដែលយើងអាចស្ទាបស្ទង់ហើយមើលឃើញថាជាការពិត»៕