(ភ្នំពេញ)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលកែប បានបញ្ជាក់ថា រដ្ឋបាលខេត្តកែប ប្តេជ្ញាធ្វើឱ្យខេត្តក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់ជាមួយភាពស្អាតរបស់កម្ពុជា។
ការប្តេជ្ញាចិត្តធ្វើឱ្យខេត្តកែបក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់ជាមួយភាពស្អាតរបស់លោកបណ្ឌិត សោម ពិសិដ្ឋ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការ នៃមន្ទីរបរិស្ថានខេត្តកែប ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានខេត្តកែប។
ស្របនឹងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋបាលខេត្តកែបនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា លោកនឹងរួមចំណែកជាមួយរដ្ឋបាលខេត្ត តាមរយៈភាពស្អាត ភាពបៃតង និងមានចីរភាព ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យសម្រេចបាន តាមគោលដៅយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី មានជំនឿថា ភាពស្អាត ជាពិសេសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបង្កើនគម្របបៃតង បាននិងកំពុងបណ្តុះផ្នត់គំនិតស្អាតរបស់ប្រជាពលរដ្ឋ មិនត្រឹមតែស្អាតនៅក្រៅ ជុំវិញផ្ទះសម្បែង តាមមូលដ្ឋានទីសាធារណៈកឺថែមទាំងស្អាតពីក្នុងចិត្ត ដែលយកចិត្តទុកដាក់លើការផ្តល់សេវាទេសចរណ៍ឱ្យបានល្អម្ហូបអាហារមានអនាម័យ និងមានតម្លៃសមរម្យ តម្លៃស្តង់ដារកំណត់ត្រឹមត្រូវផងនោះ ច្បាស់ណាស់ខេត្តកែបនឹងក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់។
លោករដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ពិនិត្យមើលការដាំដើមឈើឱ្យបានស្រស់ស្អាតបន្ថែមទៀតតាមបណ្តោយឆ្នេរសមុទ្រ ជាពិសេសនៅឆ្នេរអង្កោល ជំរុញការដាំដើមឈើសម្គាល់អត្តសញ្ញាណរបស់ខេត្ត ដើម្បីទាក់ទាញទេសចរមកកម្សាន្តតាមឆ្នេរ និងអាចមកទស្សនាព្រៃឈើ ពិសេសដើមឈើអត្តសញ្ញាណមួយរបស់ខេត្ត ដូចជាដើមក្ងោកជាដើម និងពង្រឹងបន្ថែមលើការរៀបចំសេវាទេសចរណ៍លំហែបៃតង នៅតាមតំបន់ការពារធម្មជាតិ ដែលជួយពង្រឹងបន្ថែមលើជីវភាព ប្រជាសហគមន៍នៅតាមមូលដ្ឋាន៕