(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកែលម្អបន្ថែមទៀតនូវការផ្តល់សេវាសាធារណៈតាមប្រព័ន្ធ Online។
នៅក្នុងកិច្ចប្រជុំនេះ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការសម្រួលរបៀបធ្វើបរិវត្តកម្មឌីជីថល ដើម្បីឱ្យការផ្តល់សេវាសាធារណៈកាន់តែងាយស្រួល អាចប្រើបានគ្រប់គ្នា និងរហ័សទាន់ពេលវេលាជូនដល់សាធារណជន។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម ការប្រើប្រាស់ ប្រព័ន្ធ CamDigiKey ជាមួយថ្នាល CamDx នៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយប្រើប្រាស់ទិន្នន័យមានស្រាប់ដោយឆ្លាតវៃ នឹងធ្វើឱ្យការផ្តល់សេវាតាមប្រព័ន្ធ Online កាន់តែងាយស្រួលនិងមានសុវត្ថិភាពខ្ពស់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រទាំងស្រុងនូវការអភិវឌ្ឍនិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវប្រព័ន្ធ CamDx និង CamDigiKey។
សូមជម្រាបថា CamDX មកពីពាក្យថា Cambodia Data eXchange ជាថ្នាលផ្លាស់ប្តូរទិន្នន័យវិមជ្ឈការដែលបង្រួបបង្រួមគ្នារវាងប្រព័ន្ធព័ត៌មាន ដែលផ្តល់នូវកម្មវិធីស្តង់ដារនិងសុវត្ថិភាព ក្នុងការផ្តល់និងប្រើប្រាស់សេវាកម្ម។ CamDX ធានានូវភាពសម្ងាត់ សុចរិតភាព និងអន្តរប្រតិបត្តិការរវាងភាគីផ្លាស់ប្តូរទិន្នន័យផ្សេងៗគ្នាជាច្រើន។ CamDigiKey គឺជាអ្នកផ្តល់សេវា e-KYC ដែលផ្តោតលើភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់៕