(យ៉េមែន)៖ មន្ត្រីរដ្ឋាភិបាលយ៉េមែនមួយរូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារំាង AFP ថា ជនស៊ីវិល យ៉ាងហោចណាស់ ២០នាក់ បានស្លាប់បាត់បង់ជីវិត និង៣០នាក់បានរងរបួសនៅយប់ថ្ងៃពុធ នៅក្នុង ការវាយប្រហារតាមផ្លូវអាកាស របស់ក្រុមចំរុះអារ៉ាប់ ដឹកនំាដោយប្រទេស អារ៉ាប៊ី សាអ៊ូឌីត ទៅលើ សង្កាត់មួយកន្លែងក្នុងទីក្រុង Hodeida ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេមែន។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៊ី Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។
មន្ត្រីដដែលខាងលើនេះបានបញ្ជាក់ទៀតថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅបន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី ប្រារព្ធខួបអបអរលើកទី២ នៃការវាយដណ្ដើមយក រដ្ឋធានីសាណាអា។
គួរបញ្ជាក់ថា ចាប់តំាងពីការចាប់ផ្ដើមធ្វើអន្តរាគមន៍យោធាក្នុងប្រទេសយ៉េមែន នៅខែមីនា ឆ្នាំ២០១៥មក ក្រុមចំរុះអារ៉ាប់ដឹកនំាដោយ អារ៉ាប៊ី សាអ៊ូឌីត បានទទួលរងការចោទប្រកាន់ជាច្រើនលើកពីសំណាក់ ក្រុមអង្គការការពារសិទ្ធិមនុស្ស ជុំវិញការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ខណៈមនុស្សជាង ៦,៦០០នាក់ហើយ បានបាត់បង់ជីវិតនៅក្នុងជម្លោះរវាងក្រុមឧទ្ទាមហ៊ូទី និង កងកម្លាំងរដ្ឋាភិបាលយ៉េមែន ដែលគាំទ្រដោយកងទ័ពអាកាសចំរុះ អារ៉ាប់៕