(ភ្នំពេញ)៖ លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា នៅគ្រប់កាលៈទេសៈ។ លោកថ្លែងថា ចិនជួយកម្ពុជា ដោយការកសាងកែលម្អផ្លូវថ្មីជិត៤ពាន់គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គទន្លេបាសាក់ បានជិត១០ស្ពាន ព្រមទាំងវារីអគ្គិសនីយ៉ាងច្រើនដែលនំាឱ្យតម្លៃអគ្គិសនីបានចុះថ្លៃសព្វថ្ងៃ។
លោកកិត្តិបរិរក្សបណ្ឌិត ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ លោកកិត្តិបរិរក្សបណ្ឌិត បានបន្តថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន៦ខែដើមឆ្នាំ២០២៤ សរុប៧,៣ពាន់លានដុល្លារអាមេរិកនិងគម្រោងវិនិយោគចំនួន១៥៣គម្រោងសរុបចំនួន១,៣ពាន់លានដុល្លារនៅ៦ខែដើមឆ្នំា២០២៤នេះដែរ។
លោកកិត្តិបរិរក្សបណ្ឌិត ក៏បានលើកឡើងថា លោកបានស្គាល់ប្រទេសចិនតំាងពីឆ្នាំ១៩៧០ ដោយចូលរួមតស៊ូតំាងពីអ្នកការទូតក្នុង «រណសិរ្សរួបរួមជាតិកម្ពុជា (FUNK)» របស់សម្ដេចព្រះបរមរតនកោដ្ឋដើម្បីតស៊ូ ក្រោយពីរដ្ឋប្រហារលន់ នុល នៅថ្ងៃ១៨ ខែមីនាឆ្នាំ១៩៧០ ទម្លាក់សម្ដេចព្រះបរមរតនកោដ្ឋ។
លោកកិត្តិបរិរក្សបណ្ឌិត ក៏បានរំលឹកនៅពេលដែលលោកធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអស់រយៈពេល២១ឆ្នាំរហូតដល់ឆ្នំា២០១៦បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពង្រឹងពង្រីកមិត្តភាព និងសហប្រតិបត្តិការកម្ពុជា-ចិនក្នុងក្របខ័ណ្ឌភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
លោកកិត្តិបរិរក្សបណ្ឌិត ក៏បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦-២០២៣ ក្នុងនាមជាឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លោកបានខិតខំក្នុងឋានៈជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនក្នុងការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយលោក វ៉ាង យី ព្រមទំាងការអនុវត្ត «ផែនការ៥ឆ្នាំនៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រជាជនកម្ពុជានិងប្រជាជនចិន» រវាងប្រជាជនទំាងពីររហូតដល់ក្លាយជាមិត្តដែកថែប។
ក្រៅពីនេះ លោកក៏បានលើកពី សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង(DOC) ដែលបានចុះហត្ថលេខារវាងរដ្ឋមន្រ្តីការបរទេសអាស៊ានទំាង១០ និងលោក វ៉ាង យី (Wang Yi) ជាតំណាងជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ២០០២ ពេលដែលកម្ពុជាធ្វើប្រធានអាស៊ានលើកទី១ ហើយលោកក៏មានការរីករាយនិងមានមោទនភាពដោយរហូតមកដល់ថ្ងៃនេះ អស់រយៈពេល២២ឆ្នាំហើយភាគីទាក់ទងទំាងអស់នៅតែទាមទារការអនុវត្ត DOC ឱ្យបានពេញលេញនៅ សមុទ្រចិនខាងត្បូង។
លោកកិត្តិបរិរក្សបណ្ឌិត បានជូនពរលោកឯកអគ្គរដ្ឋទូតបំពេញភារកិច្ចបានជោគជ័យដើម្បីទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងបន្តអនុវត្តផែនការ៥ឆ្នាំនៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រជាជនកម្ពុជានិងប្រជាជនចិន ព្រមទំាងមិត្តភាពដែកថែបនៃប្រទេសយើងទំាងពីរ។
លោក Wang Wenbin បានលើកសរសើលោកកិត្តិបរិរក្សបណ្ឌិតថា ជាថ្នាក់ដឹកនាំចាស់ទុំជានខ្ពស់ដ៏គួរឱ្យគោរព ហើយឯកអគ្គរដ្ឋទូតក៏បានពាំនាការសួរសុខទុក្ខពីលោក វ៉ាង យី ជូនចំពោះលោកកិត្តិបរិរក្សបណ្ឌិតផងដែរ។
លោកបានថ្លែងថា ចំណងមិត្តភាពកម្ពុជាចិនបានបង្កើតឡើងដោយ សម្ដេចព្រះបរមរតនកោដ្ឋ និង ប្រធានាធិបតី ម៉ៅ សេទុង និងនាយករដ្ឋមន្រ្តី ជូអេងឡាយ។ ទំនាក់ទំនងការទូតជាង៦០ឆ្នាំកន្លងមកកម្ពុជាចិន នៅតែរក្សាចំណងមិត្តភាពបានយ៉ាងល្អប្រសើរ ហើយប្រទេសចិនមានប្រពៃណីមួយ គឺចងចាំមិត្តចាស់ជានិច្ច។
លោកឯកអគ្គរដ្ឋទូតក៏បានបន្ថែមទៀតថា មុនពេលដែលលោកមកកម្ពុជា លោកបានជួបប្រជុំជាង២០ស្ថាប័ន នៅពេលនិយាយអំពីកម្ពុជា គឺទទួលបានការគាំទ្រ។ DOC ឥឡូវនៅតែជាគោលការណ៍ដ៏សំខាន់សម្រាប់ចិន-អាស៊ាន។
លោកឯកអគ្គរដ្ឋទូតបានបេ្តជ្ញាបន្តពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ចិន ដើម្បីទទួលបានផលប្រយោជន៍ស្នូលរវាងប្រទេសយើងទំាងពីរ៕