(ប៊ែកឡាំង)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier បានអំពាវនាវ ឲ្យមានតំបន់ហាមឃាត់ការហោះហើរជាបណ្តោះអាសន្ន ចំពោះយន្តហោះយោធាគ្រប់ប្រភេទនៅឯ ប្រទេសស៊ីរី ដែលមានរយៈពេល០៧ថ្ងៃ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកមកលើ ក្បួនរថយន្ត ដឹកជំនួយមនុស្សធម៌ UN នៅក្បែរទីក្រុង Aleppo។ នេះបើតាមការចេញផ្សាយដោយ Reuters នៅមុននេះបន្តិច នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។
លោក Frank-Walter Steinmeier បានសរសេរនៅក្នុងបណ្តាញសង្គម Tweeter ថា «ស្ថានការណ៍នៅ ប្រទេសស៊ីរីឥឡូវនេះ កំពុងស្ថិតនៅលើចុងកាំបិត ហើយបើចង់ឲ្យបទឈប់បាញ់អាចមានឱកាស ទទួលបានជោគជ័យ គឺមានតែជម្រើសនេះមួយគត់ ដោយធ្វើការហាមឃាត់ជាបណ្តោះអាសន្ន នូវរាល់ការចល័តយន្តហោះយោធាគ្រប់ប្រភេទ នៅក្នុងប្រទេសស៊ីរី ក្នុងរយៈពេលយ៉ាងហោចណាស់បីថ្ងៃ ប៉ុន្តែបើអាចដល់០៧ថ្ងៃរឹតតែល្អ»។
ដោយឡែក នៅថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក John Kerry បានធ្វើការ ទាមទារឲ្យរុស្ស៊ីនិងរដ្ឋាភិបាលស៊ីរី បញ្ឈប់ការហោះហើរយន្តហោះរបស់ខ្លួន នៅលើតំបន់ប្រយុទ្ធគ្នា របស់ប្រទេសស៊ីរីជាបន្ទាន់ ដែលទង្វើរនេះត្រូវបានលោកចាត់ទុកថា ជាការស្រោចស្រង់នូវបទឈប់បាញ់ ដែលកំពុងប្រឈមនឹងការបរាជ័យ៕