(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ តាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រឬកម្ម វិធីសិក្សាទូរសិក្សា - Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System»។
វគ្គបំប៉នសមត្ថភាពនេះនឹងប្រព្រឹត្តទៅនៅវិទ្យាល័យឥន្ទ្រទេវី ជារៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧៖០០ នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីរសៀល ដោយមានការបែងចែកកាលវិភាគតាមមុខវិជ្ជា។
បើតាមការបញ្ជាក់ពីក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ បានឱ្យដឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះថា ដើម្បីឆ្លើយតបសំណូមពរពីសិស្សានុសិស្ស វគ្គបំប៉នសមត្ថភាពត្រៀមប្រឡងបាក់ឌុប Live Teaching នឹងបែងចែកជា ២ថ្នាក់ ដោយក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសង្គម និងថ្នាក់វិទ្យាសាស្ត្រពិតផងដែរ។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានបង្រៀនមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ផែនដីវិទ្យា ពលរដ្ឋ និងភាសាអង់គ្លេស។ ចំណែកឯថ្នាក់វិទ្យាសាស្ត្រពិត មានបង្រៀនមុខវិជ្ជាគីមីវិទ្យា ជីវវិទ្យា រូបវិទ្យា ភាសាខ្មែរ និងគណិតវិទ្យា។
ការផ្សាយផ្ទាល់វគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ដែលសិស្សានុសិស្សអាចសិក្សាដោយឥតគិតថ្លៃ និងសិក្សាផ្ទាល់ជាមួយលោកគ្រូនៅវិទ្យាល័យឥន្ទ្រទេវី និងសិក្សាជាក្រុមតាមរយៈការផ្សាយផ្ទាល់នៅវិទ្យាល័យ គោលដៅដែលមានសរុបចំនួន ២២វិទ្យាល័យក្នុងនោះរួមមាន៖
* ភ្នំពេញ៖ វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង, វិទ្យាល័យកំបូល, និងវិទ្យាល័យទឹកល្អក់
* ខេត្តតាកែវ៖ វិទ្យាល័យហ៊ុនសែន ១ មិថុនា
* ខេត្តកំពង់ចាម៖ វិទ្យាល័យបុសខ្នុរ, វិទ្យាល័យហ៊ុនសែនចំការលើ និងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្ពឺ
* ខេត្តកែប៖ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស និងវិទ្យាល័យហ៊ុនសែនចំការដូង
* ក្រុងព្រះសីហនុ៖ វិទ្យាល័យហ៊ុនសែនកែវផុស, វិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យហ៊ុនសែនស្មាច់ដែង។
* ខេត្តព្រៃវែង៖ វិទ្យាល័យហ៊ុនសែនកំចាយមារ, វិទ្យាល័យហ៊ុនសែនតាគោក និងវិទ្យាល័យរស្មីសាមគ្គី។
* ខេត្តស្វាយរៀង៖ វិទ្យាល័យរមាសហែក និងវិទ្យាល័យជ្រៃធំ។
* ខេត្តកំពង់ធំ៖ វិទ្យាល័យស្ទឹងសែន, វិទ្យាល័យចំណាលើ, វិទ្យាល័យវង្សមានរិទ្ធ, និងវិទ្យាល័យសណ្តាន់។
ក្រៅពីការផ្សាយផ្ទាល់នៅតាមវិទ្យាល័យគោលដៅ វគ្គបំប៉នសមត្ថភាពនេះក៍មានការផ្សាយបន្តផ្ទាល់ទៅកាន់ សិស្សានុសិស្សទូទាំងប្រទេសតាមរយៈគេហទំព័រទូរសិក្សា www.duraseksa.gov.kh របស់មជ្ឈមណ្ឌល សម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។ សម្រាប់ព័ត៌មានបន្ថែមសូមតាមដានទំព័រផ្លូវការរបស់ទូរសិក្សា៖ Duraseksa - ទូរសិក្សា ឬតេឡេក្រាមឆាណែល ៖ https://t.me/duraseksa ឬ សម្រាប់ប្អូនៗដែលមានបំណងចង់មកសិក្សាអាចទាក់ទងមកកាន់ក្រុមការងារ តាមរយៈ៖ https://linktr.ee/_Duraseksa_៕