(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំមហោស្រពជាតិភាពយន្ត ខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដើម្បីជំរុញលើកទឹកចិត្តដល់យុវជន បញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូង ក្នុងការនាំឲ្យពួកគេក្លាយជាផលិតករភាពយន្ត។
លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដែលគ្រោងនឹងរៀបចំនាសប្តាហ៍ទី ៤នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញ លើកទឹកចិត្ត ដល់យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈ អេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកគេក្លាយជាផលិតករភាពយន្ត។
លោកបានថ្លែងបន្ដថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាពទេពកោសល្យ ក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
លោកបានបន្ដថា «យុវជនទាំងអស់បានចូលរួមចំណែក យ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់ នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិឌ្ឍន៍ឧស្សាហកម្ម ភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិយើង។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងថា សម្រាប់ឆ្នាំនេះគឺមានការចូលរួមពី សំណាក់យុវជនជាច្រើនដាក់ពាក្យចូលរួម ក្នុងការបង្ហាញពីភាពយន្ដខ្នាតខ្លីរបស់ខ្លួន។ សម្រាប់ស្នាដៃដែលនឹងចូលរួម ក្នុងមហោស្រពនឹងចាក់បញ្ជាំងក្នុងមហោស្រព ដើម្បីឲ្យសាធារជនចូលរួមជ្រើសរើសផងដែរ ក្រៅពីគណៈវិនិយោគវាយតម្លៃ ក្នុងនោះក្រសួងនឹងបញ្ជូនស្នាដៃភាពយន្ដរបស់ផលិតករ ចូលរួមមហោស្រពភាពយន្ដផ្សេងៗទៀត នៅក្រៅប្រទេសដើម្បីជាឱកាស ឲ្យផលិតករកម្ពុជាឈានជើងចូលអន្ដរជាតិ៕