(កំពត)៖ ដីដែលមានវិវាទនឹងគ្នា រវាងក្រុមហ៊ុនសុខាហូតែលបូកគោរបស់លោកឧកញ៉ា សុខ គង់ និងប្រជាពលរដ្ឋចំនួន២១គ្រួសារ ដែលអូសបន្លាយជាយូរមកហើយ ត្រូវបានសម្របសម្រួលបញ្ចប់ដោយសន្តិវិធី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយជុំពិភាក្សានៅសាលប្រជុំសាលាខេត្តកំពត។
ការសម្រួបសម្រូលនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក សូត យា អភិបាលរងខេត្តកំពត លោកស៊ុយ ធាប្រធានមន្ទីរបរិស្ថានខេត្ត មន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធ លោក ស្វាយ វុឌ្ឍី តំណាងក្រុមហ៊ុន សុខាហូតែល និងប្រជាពលរដ្ឋ។
ក្នុងស្មារតី នៃកិច្ចប្រជុំជាលទ្ធផល បានសម្របសម្រូលកិច្ចការដោះស្រាយ នូវការដោះដូរដី ៦០ហិកតា ដែលកាន់កាប់ដោយប្រជាជន២១ម្ចាស់ លើក្បាលដី ២៦ក្បាលដី ឋិតនៅទីតាំងវាលកូនហ្គោល របស់ក្រុមហ៊ុនសុខាអូតែល ស្ថិតក្នុងភូមិសាស្ត្រ នៅភូមិគីឡូ១២ ភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ នេះដោះស្រាយជាលើកទី៤ ដែលចេញជាផ្កែផ្កា ជាមួយប្រជាពលរដ្ឋ១៤នាក់។
ក្នុងនោះលទ្ធផលសម្រេច បានដូចតទៅ ទី១-ប្រជាជន១១ម្ចាស់ លើក្បាលដី១៥ មានទំហំ ៣៥,៧០ហិកតា ឯកភាព និងបានចាប់ឆ្នោតយកដី នៅទីតាំង ទី១(វាលពួច) ស្ថិតនៅឃុំបឹងទូក ស្រុកទឹកឈូ ដោយក្រុមហ៊ុនធានា ឈូសឆាយ ផ្លូវចូលជូនប្រជាជន ពីមុខក្បាលដីនីមួយៗផងដែរ ទី២-ប្រជាជន២ម្ចាស់ លើក្បាលដី២ មានទំហំ៧,១០ហិកតា បានឯកភាពយកដី នៅទីតាំងទី២ (ជាប់វាលកូនហ្គោល) ស្ថិតនៅឃុំកោះតូច ស្រុកទឹកឈូ ទី៣-មានដី៤ម្ចាស់ មានដំណាំជាក់ស្តែង គឺឯកភាពប្រគល់ជូនពួកគាត់ នៅនឹងកន្លែង មិនមានការដោះដូរទេ។
មន្រ្តីសាលាខេត្តកំពត បានឲ្យដឹងថា ក្នុងពេលប្រជុំនេះអវត្តមាន ចំនួន៣ម្ចាស់ លើក្បាលដី ៣ទីតាំង ទំនាក់ទំនងមិនបាន ដែលមិនបានចូលរាល់ពេលប្រជុំ ហើយផែនការបន្ត គឺមន្ទីរបរិស្ថាន នឹងខិតខំសម្របសម្រួល ជាមួយក្រុមហ៊ុន និងក្រុមការងារខេត្ត ចុះវាស់វែងបែងចែក ដីតាមទំហំកំណត់ ព្រមព្រៀងគ្នា ជូនប្រជាជនឲ្យបានឆាប់៕