(ភ្នំពេញ)៖ ក្រោយប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អាជ្ញាធរជាតិអប្សរា នៅយប់នេះ បានជូនដំណឹងពីការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់។
បើតាមសេចក្តីជូនដំណឹង ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ ៣ចំណុចដូចខាងក្រោម៖
ក៖ រាល់ការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ និងត្រូវបង់ប្រាក់ ដែលរួមមាន ដូចជា៖
*១៖ ការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ។
*២៖ ការថតវីដេអូ និងរូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ត្បិតពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តី ជាដើម សម្រាប់ ការផ្សព្វផ្សាយ ទាំងលក្ខណៈក្នុងស្រុក និងអន្តរជាតិ។
*៣៖ ការថតវីដេអូ និងរូបភាពសន្លឹក ដោយឧបករណ៍ដ្រូន។
ខ៖ រាល់ការថតក្នុងគោលបំណងមិនបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនត្រូវបង់ប្រាក់ ដែល មានដូចជា ការថតរបស់អង្គភាពសារព័ត៌មានផ្លូវការ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណង ផ្សព្វផ្សាយ។
គ៖ រាល់ការថតទាំងឡាយណាដែលមិនមានចែងក្នុងចំណុច (ក) និង (ខ) ខាងលើ មិនតម្រូវឱ្យដាក់ពាក្យ ស្នើសុំ និងមិនចាំបាច់ត្រូវបង់ប្រាក់ ដោយរាប់បញ្ចូលទាំងការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tiktok…) ដោយទូរសព្ទដៃ ឬម៉ាស៊ីនថតផ្ទាល់ខ្លួននានា និងការថតរូបក្នុងសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ឬសម្លៀកបំពាក់ប្រពៃណីជាតិ ឬអន្តរជាតិ សម្រាប់ការចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន។
អាជ្ញាធរជាតិអប្សរា ក៏បានភ្ជាប់ជូននូវតារាងសេវា និងតារាងតម្លៃសេវាពាក់ព័ន្ធថ្មីរបស់អាជ្ញាធរជាតិអប្សរា ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលសេវា កម្មនៃអាជ្ញាធរជាតិអប្សរា តាមរយៈលេខទូរសព្ទ ០១២ ៤៤៥ ០៨៨ ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រជុំជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ និងការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយបានចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា៕