(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក រូសស៊ែល ប៊ែនលៃ (Russell Bailey) នាយកស្តីទី មជ្ឈមណ្ឌលសិក្សាសន្តិសុខអាស៊ីប៉ាស៊ីហ្វិក DKI APOSS. និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលរូបលោកដឹកនាំគណៈប្រតិភូមកបំពេញការងារនៅកម្ពុជា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានស្វាគមន៍ចំពោះដំណើរបំពេញការងាររបស់គណៈប្រតិភូមជ្ឈមណ្ឌលសិក្សាសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជាលើកនេះ។ តាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃមជ្ឈមណ្ឌលសិក្សាសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជាលើកនេះ គឺកាន់តែពង្រឹងពង្រីកបានចំណងទាក់ទង នៃការរត់ចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរកាន់តែមានភាពជិតស្និទ្ធ។
នាយឧត្តមសេនីយ៍ បានស្វាគមន៍ជានិច្ច ចំពោះកិច្ចពិភាក្សាទាំងឡាយជាមួយគណៈប្រតិភូក្នុងការផ្លាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យស្ថាប័នទាំងពីរ DKI APOSS កាន់តែខិតចិត្ត និងមានការយល់ពីគ្នាកាន់តែច្បាស់។
លោក រូសស៊ែល ប៊ែនលៃ ជំនួសមុខឱ្យនាយកមជ្ឈមណ្ឌល ឌីខេ អាយ អេ ភី អូ អេស អេស បានសម្ដែងការអរគុណចំពោះនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់ពេលវេលាដល់លោក និងសមាជិកប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលប្រតិភូមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាលើនេះ។
លោក រូសសែល ប៊ែនលៃ បានសម្ដែងការចូលរួមសោកស្ដាយជាមួយកងទ័ព និងប្រជាជនកម្ពុជា ចំពោះការបាត់បង់អាកាសយានិកពីររូបក្នុងឧប្បវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។
លោកក៏បានជម្រាបជូន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូនៅកម្ពុជា គណៈប្រតិភូបានចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ អិន ភី មិច និងខាងសាកលវិទ្យាល័យការពារជាតិ ដែលរាល់ជំនួបទាំងនេះ គឺប្រតិភូទទួលបានលទ្ធផលជាផ្លែផ្កា ដែលភាគីយើងទាំងពីរអាចរកដំណោះស្រាយរួមគ្នាមួយក្នុងការពង្រឹងពង្រីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ដោយលោកបានសម្ដែងនូវការរីករាយ ដោយនៅទីនោះលោកបានជួបនៅកម្មសិក្សាការីជាច្រើនដែលធ្លាប់បានទៅបំពេញកម្មសិក្សានៅទីនោះ។
ជាការឆ្លើយតបនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាម ឌី ខេ អាយ អេ ភី អូ អេស អេស អាមេរិក ដែលបានផ្ដល់ឱកាសដល់នាយទាហានរបស់កងយោធពលខេមរភូមិន្ទ បានទៅបំពេញកម្មសិក្សាជាច្រើននៅឯនៅឯរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការទៅរៀននៅទីនោះគឺបានចែករំលែក នៅបទពិសោធន៍ផ្នែកសន្តិសុខ រវាងស្ថាប័នទាំងពីរ កាន់តែមានលទ្ធភាពក្នុងការបំពេញការងារ សម្រាប់ជាតិរបស់ខ្លួន នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីសកម្មភាពទាំងឡាយនៃកិច្ចសហប្រត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលធ្លាប់មានកន្លងមក ដោយលោកបានបញ្ជាក់ថាកាលពីអំឡុងខែឧសភា ឆ្នាំ២០២៤នេះ កន្លងមកប្រទេសទាំងពីរបានបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត ជាពិសេសលើផ្នែកជំនាញដោះមីន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណចំពោះ ឌី ខេ អាយ អេ ភី អូ អេស អេស សហរដ្ឋអាមេរិក និងសហការី ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិការរវាងស្ថាប័នប្រទេស និងកងទ័ពទាំងពីរមកកាន់តែមានភាពជិតស្និទ្ធ និងសូមឱ្យទំនាក់ទំនងល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក នៅតែបន្តរីកចម្រើនទៅទៀត។
នាយឧត្តមសេនីយ៍ បានធ្វើការកត់សម្គាល់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើន តាមរយៈការបំពេញទស្សនកិច្ច ការផ្ដល់ជំនួយក៏ដូចជាសកម្មភាពនានារបស់អាមេរិកជួយដល់កងយោធពលខេមរភូមិន្ទ ហើយនេះបានបង្ហាញច្បាស់ពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអរគុណសហរដ្ឋអាមេរិក តាមរយៈ ឌី ខេ អាយ អេ ភី អូ អេស អេស ដែលបានយកចិត្តទុកដាក់បើកឱ្យមានឡើងវិញនូវការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសន្តិសុខ អាស៊ីប៉ាស៊ីហ្វិក ដល់កងយោធពលខេមរភូមិន្ទ ផ្នែកជំនាញសន្តិសុខ និងភាសាអង់គ្លេស ហើយកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមដែលនៅសេសសល់។
ជាថ្មីម្ដងទៀត នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាមេរិក ហើយជឿជាក់យ៉ាងមុតមាំថា ទៅថ្ងៃខាងមុខទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងពីរនឹងត្រូវបានលើកកម្ពស់បន្ថែមទៀត៕