(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកស្ទឹងសែន ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ខណ:ដីស្រែដែលកំពុងបង្កបង្កើនផលមួយចំនួនរបស់ពួកគាត់ នៅតែកំពុងរងការគំរាមកំហែង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ លើផ្ទៃដីប្រមាណជា១ម៉ឺនហិកតា។
លោក នួន ផារ័ត្ន បានបើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញជាបន្ទាន់ ព្រមទាំងមានវិធានការភ្លាមៗ ដោយបានប្រើប្រាស់កងកម្លាំងសរុបទាំងបី រួមជាមួយអេស្កាវទ័រ១០គ្រឿង លើកជាទំនប់ស្ទាក់ទឹក និងកន្លែងខ្លះត្រូវច្រកខ្សាច់ទប់ទឹក ដែលមានចម្ងាយប្រមាណជាង ១ពាន់ម៉ែត្រ ស្ថិតនៅតំបន់ប្រឡាយក្អែកពុល សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដើម្បីជួយសង្គ្រោះស្រូវពីការជន់លិច។
ជាមួយគ្នានោះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណដលថ្នាក់ដឹកនាំខេត្តកំពង់ធំ ជាពិសេសលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះជួបគាត់ និងដោះស្រាយបញ្ហាភ្លាមៗ ជូនពួកគាត់ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមកលើប្រជាពលរដ្ឋ៕