(កំពង់ធំ)៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានឧបត្ថម្ភអង្ករចំនួន១០តោន សម្រាប់ដោះស្រាយសេចក្តីត្រូវការរបស់អង្គភាព និងសម្រាប់ធ្វើសកម្មភាពមនុស្សធម៌។ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ដោយបានគូសបញ្ជាក់ អំពីតួនាទី និងភារកិច្ច ចំបងរបស់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។ ចូលរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងសហការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព និងអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្ថែមទៀតថា កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានខ្សែរយៈដឹកនាំបញ្ជាតាមឋានានុក្រម ពីក្រសួងការពារជាតិ អគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលខេត្ត។
លោក នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរចំពោះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសាមគ្គី ឯកភាពគ្នាល្អ ក្នុងការបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវ និងទទួលបានជោគជ័យ ពិសេសការចូលរួមសហការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។
លោកបានណែនាំ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួនជួនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺបន្តសកម្មភាពសហការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព និងត្រូវត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងរដូវវស្សានេះឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោក នួន ផារ័ត្ន និងថ្នាក់ដឹកនាំខេត្ត បានប្រគល់អង្ករចំនួន១០តោន និងថវិកាមួយចំនួន ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ដោះស្រាយរាល់ការលំបាកផ្សេងៗ និងបម្រើសកម្មភាពមនុស្សធម៌ ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ៕