(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអគុណលោកអ្នកឧកញ៉ា, អ្នកឧកញ៉ា, ឧកញ៉ា និងគោរមវន្តទាំងអស់ ដែលជានិច្ចកាលតែងតែបានចូលរួមក្នុងសកម្មភាពសង្គមនានា ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកឧកញ៉ា, អ្នកឧកញ៉ា, ឧកញ៉ា និងគោរមវន្តទាំងអស់ដែលគិតមកត្រឹមឆ្នាំ២០២៣ មានចំនួន ១៤៣២រូប ដែលជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពសង្គមនានា ដូចជា សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ជាច្រើននាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានកត់សម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ជារឿយៗតែងតែមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលបានបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមជារៀងរាល់ឆ្នាំ, ចូលរួមបរិច្ចាគថវិកាសម្រាប់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ចូលរួមបរិច្ចាគថវិកាជូនសមាគមយុវជនគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA), ចូលរួមបរិច្ចាគថវិកាកសាងអគារសិក្សានៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា, ជួសជុលមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏ដូចជា កសាងសារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ជាដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រៅពីនេះក្នុងនាមឯកជនផ្ទាល់ក៏សមាជិកឧកញ៉ាកម្ពុជា បានចូលរួមច្រើនក្នុងការជួយទៅដល់កិច្ចការសង្គមផ្សេងៗ ហើយភារកិច្ចស្នូលរបស់ឧកញ៉ា គឺការចូលរួមក្នុងសង្គមតាមរយៈការបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដែលជាកត្តាសំខាន់របស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ ការបង្កើតនូវឱកាសផ្សេងៗសម្រាប់ឱ្យប្រជាពលរដ្ឋមានឱកាសច្បាមយកនូវសេដ្ឋកិច្ច ដើម្បីបង្កើននូវជីវភាពរស់នៅរបស់ខ្លួន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កត្តាទាំងនេះហើយបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើវិស័យឯកជនដែលជាកិច្ចសំខាន់ ដែលក្នុងនោះសមាជិកទាំងអស់នៃសមាគមឧកញ៉ា ក៏ដូចជាអ្នកវិនិយោគធុរកិច្ចកម្ពុជា បានដើរតួនាទីសំខាន់ណាស់នៅក្នុងការជំរុញសេដ្ឋកិច្ចប្រកបដោយ ចេរភាព និងនិរន្តរភាព ទាំងក្នុងដំណាក់កាលល្អ និងដំណាក់កាលលំបាកផងដែរ៕