(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចបានប្រជុំជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ និងការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយបានចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា គោលការណ៍ក្រមប្រតិបត្តិរបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធនឹងការរស់ប្រចាំថ្ងៃរបស់ប្រជាជន សម្ដេចបានប្រគល់ភារកិច្ចជូនលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីចុះពិនិត្យបញ្ហានេះ ដើម្បីរិះរកវិធីពន្លត់ភ្លើង ជាជាងបក់ផ្សែង។
សម្ដេចធិបតីបានបន្តថា ពាក់ព័ន្ធនឹងរឿងថតរូបនៅរមណីយដ្ឋានអង្គរនេះ មន្ត្រីអាជ្ញាធរជាតិអប្សរាមានភារកិច្ចស្នូលក្នុងការអភិរក្ស មិនមែនត្រឹមតែអភិរក្សត្រឹមតែតួប្រាសាទនីមួយៗនោះទេ តែអភិរក្សទាំងតម្លៃនៃវប្បធម៌ ព្រោះប្រសិនបើអ្នកថតរូបមកធ្វើឱ្យប៉ះពាល់តម្លៃវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរក៏មិនកើតដែរ។ គ្រាន់តែគោលការណ៍មួយចំនួនរាងហួសសម័យ ហើយតឹងបន្តិច ដោយសារគោលការណ៍ដែលរាជរដ្ឋាភិបាលដាក់ ភាគច្រើនតាំងពីឆ្នាំ១៩៩០ជាង។ ពិតណាស់ អាជ្ញាធរជាតិអប្សរាបានចេញគោលការណ៍តាំងពីឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការកំណត់ឯកសណ្ឋានសម្លៀកបំពាក់ ការថត ការសុំច្បាប់ ប៉ុន្តែរបៀបរបបបានអនុវត្តតាំងពីឆ្នាំ១៩៩០ជាង ពេលនោះយើងមិនទាន់មានកាំមេរ៉ាទេ បើមាន ភាគច្រើនទាន់តែជាងថតកុន ថតឯកសារ អីចឹងហើយពេលនោះដែលអាជ្ញាធរជាតិអប្សរាបានគិតគូរពីគោលការណ៍នេះ អីចឹងអ្នកថតត្រូវតែសុំច្បាប់សិន ដើម្បីដឹងពីគោលបំណងនៃការថត ជៀសវាងការប្រើប្រាស់ខុសគោលការណ៍ និងប៉ះពាល់តម្លៃវប្បធម៌។ ចំណុចមួយទៀត គឺការហាមឃាត់មិនឱ្យស្លៀកពាក់ខោអាវ បើចង់ថតគឺត្រូវឱ្យមន្ត្រីពិនិត្យមើលថាត្រឹមត្រូវឬអត់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា បន្ទាប់ពីការឃើញនូវការហួសកាលនៃគោលការណ៍ទាំងនេះហើយ ទើបមានការប្រជុំគ្នាពិភាក្សានៅថ្ងៃម្សិលមិញ សម្ដេចធិបតីក៏បានផ្ដល់គោលការណ៍ចំនួនឱ្យបន្ធូរលក្ខខណ្ឌក្នុងការថត បើថតគ្រាន់តែបង្ហោះផ្សព្វផ្សាយទេ មិនចាំបាច់សុំច្បាប់ឡើយ លើកលែងតែការថតយកទៅធ្វើអាជីវកម្មផ្សេ ចំណែកការស្លៀកពាក់វិញ ទោះបីភ្លៀវទេសចរស្លៀកពាក់ព័ន្ធប្រពៃណីជាតិណាក៏គួរតែអនុញ្ញាតចុះ ដើម្បីជាការគោរពគ្នាទៅវិញទៅមក ឧទាហរណ៍ប្រជាជនកូរ៉េគាត់ស្លៀកពាក់ខោអាវប្រពៃណីជាតិគាត់ តែចង់បានផ្ទៃខាងក្រោយអង្គរវត្ត សូមឱ្យគាត់ថតចុះ ជូនកាលខ្មែរយើងស្លៀកខោអាវប្រពៃណីជាតិខ្មែរទៅថតនៅទួរអែហ្វែលក៏គ្មានគេហាមឃាត់ដែរ។
សម្ដេចធិបតីបានថ្លែងថា «បើបុគ្គលណាថតហើយនិយាយសារបែបញុះញង់ បែបវាយប្រហារ មិនបាច់ចាំពាក់ខោអាវប្រពៃណីជាតិណាទេ គឺត្រូវចាត់វិធានការភ្លាម»។ ចំពោះការថត Pre-wedding ថតប្រម៉ូតដាក់យូធ្យូប ហ្វេសប៊ុកជាដើម ក៏សូមឱ្យថតចុះ ដើម្បីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។
សម្ដេចបានបញ្ជាក់ទៀតថា សម្រាប់លក្ខខណ្ឌតម្រូវឱ្យស្នើសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា គឺអនុវត្តចំពោះការថតរូបសម្រាប់ធ្វើអាជីវកម្មទាំងឡាយណា មានទាំងការថតភាពយន្តខ្នាតធំគ្រប់ប្រភេទ ការថតរូបសម្រាប់ការផលិតជាស្ព័តពាណិជ្ជកម្ម ឬទស្សនាវដីដើម្បីលក់ ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទ គឺត្រូវសុំច្បាប់ហើយ បង់សេវា។
ចំពោះអង្គភាពសារព័ត៌មានផ្លូវការរបស់ជាតិនិងអន្តរជាតិ ដែលចង់ថតនៅរមណីយដ្ឋានអង្គរសម្រាប់ការផ្សព្វផ្សាយព័ត៌មាន ក៏ត្រូវសុំច្បាប់មកអាជ្ញាធរជាតិអប្សរាដែរ តែមិនតម្រូវឱ្យបង់ថ្លៃឡើយ។
សម្ដេចធិបតីបានស្នើដល់អ្នកថតរូបទាំងឡាយថា ទោះបីមិនចាំបាច់ឱ្យសុំច្បាប់ ឬបង់ប្រាក់ក៏ដោយ ប៉ុន្តែត្រូវប្រកាន់នូវក្រមសីលធម៌ឱ្យបានច្បាស់លាស់ ការស្លៀកពាក់ត្រូវស្លៀកពាក់ឱ្យបានសមរម្យ បើក្រុមធំគ្នាច្រើនក៏ត្រូវសម្រួលដល់ភ្ញៀវទេសចរផ្សេងទៀត កុំថតបាំងផ្លូវគេដើរទស្សនា ពិសេសត្រូវស្ដាប់តាមការណែនាំរបស់មន្ត្រីភ្នាក់ងារអាជ្ញាធរជាតិអប្សរានៅតាមទីតាំងនីមួយៗ ព្រោះកន្លែងខ្លះមានលក្ខខណ្ឌពិសេស ឬជាទីសក្ការជាដើម។ ចំណែកមន្ត្រីអាជ្ញាធរជាតិអប្សរាក៏សូមជួយសម្រួលទីតាំងជូនអ្នកទៅថត និងភ្ញៀវទេសចរដើរទស្សនាផង ដើម្បីកុំឱ្យមានការបាំងផ្លូវ ឬស្ទះផ្លូវដើរទស្សនាក្នុងប្រាសាទអង្គរវត្ត ឬប្រាសាទផ្សេងៗទៀត៕