(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល២៥ឆ្នាំនេះ ប្រជាពលរដ្ឋរស់នៅខេត្តទាំង៤ភាគឦសាន មានកំណើនជានិច្ច។ ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿតាមការញុះញង់ ហើយសូមជឿជាក់លើរាជរដ្ឋាភិបាល ដោយដីខ្មែរទាំង៤ខេត្តនៅភាគឦសានរួមមាន៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មិនបាត់បង់ទៅណានោះឡើយ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «បងប្អូនដែលព្រួយបារម្ភថា យើងបាត់ព្រំដែន សូមបងប្អូនជឿទុកចិត្តចុះថា ក្នុងរយៈពេល២៥ឆ្នាំនេះ សមិទ្ធផលលើដីជាក់ស្ដែង មិនមែនបានន័យថា យើងត្រៀមឲ្យបន្ទាយគេនោះទេ តែផ្ទុយទៅវិញយើងបានការពារបន្ទាយរបស់យើងឲ្យកាន់តែរឹងមាំ បង្កើតទ័ពនៅទីនេះ ដើម្បីត្រៀការពារ និងកសាងបន្ទាយរយៈពេលវែង។ ដូច្នេះ៤ខេត្តរបស់យើងគឺបង្កើតទំនាក់ទំនង បង្កើននូវសេដ្ឋកិច្ច សម្រាប់ភ្ជាប់នូវសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ប៉ុន្ដែយើងសហការជាមួយ បណ្ដាប្រទេសជិតខាង មិនមែនបានន័យថា យើងនឹងត្រូវនៅក្រោមអ្នកណាគេ ឬកាត់កន្លែងនេះ ឬកន្លែងនោះឲ្យអ្នកណានោះឡើយ»។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា ដូច្នេះសូមបងប្អូនជឿទុកចិត្តចុះ បើបងប្អូនមិនជឿនោះទេ សូមឲ្យទៅជួបប្រជាពលរដ្ឋនៅទីនោះ និងសួរដល់ពលរដ្ឋរស់នៅខេត្តទាំង៤ដោយផ្ទាល់ថា មុនពេលមិនទាន់ធ្វើផ្លូវព្រំដែនតើលំបាកយ៉ាងណា បន្ទាប់ពីធ្វើផ្លូវរួចតើយើងមានភាពងាយស្រួល បែបណា?។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា «ចំពោះបងប្អូនដែលព្រួយបារម្ភថា កម្ពុជានឹងធ្វើឲ្យបាត់ខេត្តទាំង៤នៅថ្ងៃអនាគត សូមកុំជឿលើការឃោសនា សូមទុកចិត្តរាជរដ្ឋាភិបាល និងរួមគ្នាដើម្បីជួយជំរុញកសាងខេត្តយើងទាំងអស់ នៅភូមិភាគឦសាន្ដឲ្យកាន់តែរឹងមាំបន្ដទៀត សូមគាំទ្រ»៕
<div cla