(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយចាប់ពីឆ្នាំ២០១២មក ហើយដីសម្បទានសេដ្ឋកិច្ចមុនៗ នោះក៏មានរយៈពេលត្រឹម៥០ឆ្នាំប៉ុណ្ណោះ រីឯច្បាប់ដីសម្បទានសេដ្ឋកិច្ច រាល់ការមកវិនិយោគ គឺត្រូវយកកម្លាំងពលកម្មជាពលរដ្ឋខ្មែរ៩០ភាគរយឡើងទៅ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ​ឋាន​​កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។

សម្ដេចធិបតីបានថ្លែងថា ជុំវិញការព្រួយបារម្ភរឿងដីសម្បទានសេដ្ឋកិច្ច ដែលមានមតិលើកឡើងថា ការជួលដីឱ្យពលរដ្ឋប្រទេសជិតតាមរយៈដីសម្បទានសេដ្ឋកិច្ច ហើយពលរដ្ឋខ្មែរដែលធ្វើការនៅកន្លែងនោះមានចំនួនតិចតួច។ ត្រង់ចំណុចនេះ សម្ដេចបានបញ្ជាក់ថា

*ទី១៖ សារាចរណែនាំលេខ ៨ ស.រ ឆ្នាំ២០១៥ ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋលក់ ឬជួលដី ឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ទោះក្នុងរូបភាពណាក៏ដោយ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តកិច្ចការងារនេះ មិនមានប្រែប្រួលឡើយ។

*ទី២៖ កាវិនិយោគតាមអចលនទ្រព្យ គឺច្បាប់ស្ដីសិទ្ធិកម្មសិទ្ធចំណែកឯកជននៃអគារ និងច្បាប់ស្ដីពីសហកម្មសិទ្ធិរបស់ជនបរទេស ឆ្នាំ២០១០ ត្រង់មាត្រា៦ បានចែងថា ជនបរទេសអាចមានសិទ្ធិទិញខន់ដូបានតែជាន់ទី១ឡើងទៅ មិនមានសិទ្ធិទិញជាន់ផ្ទាល់ដី ឬជាន់ក្រោមដីបានទេ។ នេះគឺសម្រាប់តែចលនទ្រព្យដែលមានចម្ងាយចាប់ពី៣០គីឡូម៉ែត្រពីព្រំដែនជុំវិញទាំងអស់ ប្រសិនបើតិចជាង៣០គីឡូម៉ែត្រ គឺមិនមានសិទ្ធិទិញនោះឡើយ។

សម្ដេចបានបញ្ជាក់ទៀតថា

*ទី១៖ តាំងពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលមិនមានអាជ្ញាបណ្ណដីសម្បទានសេដ្ឋកិច្ចបន្តទៀតឡើយ ដីសម្បទានសេដ្ឋកិច្ចដែលមានក្នុងពេលបច្ចុប្បន្ន គឺមានពីមុនៗមកហើយ។

*ទី២៖ ពីមុនមានរយៈពេល៩៩ឆ្នាំ តែមកដល់ឆ្នាំ២០១៥ រាជរដ្ឋាភិបាលក៏បានកែមកឱ្យនៅត្រឹម៥០ឆ្នាំវិញ។

*ទី៣៖ ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណដីសម្បទានសេដ្ឋកិច្ច ត្រូវអនុវត្តគោលការណ៍ជាធរមាន ដែលក្នុងនោះការប្រើប្រាស់កម្លាំងពលកម្មបរទេសត្រឹមតែ១០ភាគរយប៉ុណ្ណោះ ៩០ភាគរយទៀតត្រូវតែជាប្រជាពលរដ្ឋខ្មែរ ហើយរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអនុវត្តគោលការណ៍តទៅទៀត។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា ការបន្តអនុវត្តគោលការណ៍ទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋលែងព្រួយបារម្ភរឿងបាត់បង់ទឹកដីទៅប្រទេសជាតិខាង ឬបាត់បង់ការងារនៅក្នុងបញ្ហាដីសម្បទានសេដ្ឋកិច្ចនោះឡើយ ពិសេសតំបន់ព្រំដែន។ សម្ដេចបានស្នើឱ្យអ្នកបញ្ចេញមតិទាំងឡាយសូមប្រកាន់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក វៀសចាកការញុះញង់បំបែកបំបាក់គ្នា ដែលនាំតែការខាតបង់ប្រយោជន៍ជាតិនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ហ៊ានធានាចំពោះការទទួលខុសត្រូវចំពោះការការពារទឹកដី មិនឱ្យប្រវត្តិសាស្ត្រចារពីការបាត់បង់ទឹកដីក្នុងអាណត្តិដឹកនាំប្រទេសកម្ពុជារបស់សម្ដេចនោះឡើយ៕