(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ដែលមានចំនួនរាប់រយបង្គោល គឺដើម្បីការពារបូរណភាពទឹកដី និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការពារទឹកដីរបស់ខ្លួនមិនឱ្យបាត់បង់ទៅប្រទេសជិតខាង។
សម្តេចលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចធិបតីបានមានប្រសាសន៍នៅមុនឆ្នាំ២០០៧ ខេត្តទាំង៤របស់កម្ពុជា មិនទាន់មានបង្គោលព្រំដែនជាមួយវៀតណាមនោះ ដោយមានត្រឹមតែពីខេត្តកំពតទៅកំពង់ចាមប៉ុណ្ណោះ ហើយចាប់ពីកំពង់ចាមទៅដល់កន្ទុយនាគ ក្នុងខេត្តមណ្ឌលគិរី មិនទាន់មានបង្គោលព្រំដែនឡើយ។ យ៉ាងនេះក្តីដើម្បីបង្ហាញពីឆន្ទៈការពារបូរណភាពទឹកដី ចាប់តាំងពីឆ្នាំ២០០៧មក កម្ពុជាបានចាប់ផ្តើមបោះបង្គោលព្រំដែន ដើម្បីកំណត់ព្រំដែនរវាងប្រទេសនិងប្រទេស។
សម្តេចបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល២៥ឆ្នាំនេះ ការបោះបង្គោលព្រំដែននៅខេត្តក្រចេះ ពី២០០៦ ដល់២០១៨ មានចំនួនជាង១៥០បង្គោល ក្នុងបានបោះបានបង្គោលមេចំនួន១១ និងបង្គោលព្រំដែនបំពេញ បន្ថែមចំនួន១៤៤ បង្គោល។ រីឯនៅខេត្តមណ្ឌលគិរី ការបោះបង្គោលព្រំដែន ពី២០០៧ ដល់២០១៨ បោះបង្គោលមេបានចំនួន៣៥ និងបោះបង្គោលបំពេញបន្ថែមចំនួន៣៧៥បង្គោល និងបោះបង្គោលតម្រុយចំនួន១១បង្គោល។ ចំណែកនៅខេត្តរតនគិរីវិញ បានបោះបង្គោលមេចំនួន៤០ បង្គោលបំពេញបន្ថែម ចំនួន១៥៣ និងបោះបង្គោលតម្រុយចំនួន៤។
សម្តេចធិបតីបានមានប្រសាសន៍យ៉ាងដូច្នេះថា «បង្គោលរាប់រយដែលបានបោះនេះ គឺបានបញ្ជាក់អំពីសុឆន្ទៈរបស់យើង និងការបញ្ជាក់ច្បាស់ណាស់ថា យើងចង់បញ្ជាក់ថាព្រំដែនរបស់ប្រទេសយើងនៅទីណា មិនមែនដូចគេគិតថាយើងចង់លើកខេត្តនេះទៅឱ្យប្រទេសជិតខាងនោះទេ សូមបញ្ជាក់ឱ្យច្បាស់ សូមបងប្អូនជឿទុកចិត្តចុះ យើងធ្វើនេះដើម្បីអនាគតវែងឆ្ងាយនៃការកំណត់ព្រំដែនដីរបស់យើង ដើម្បីយើងស្រួលការពារដីរបស់យើងនៅកន្លែងណា»។
សម្តេចធិបតីបានបញ្ជាក់ទៀតថា ដើម្បីការពារបូរណភាពទឹកដី និងព្រំដែនដ៏រឹងមាំរវាងកម្ពុជា និងប្រទេសជិតខាង រាជរដ្ឋាភិបាលមិនត្រឹមតែបោះបង្គោលព្រំដែននោះទេ រាជរដ្ឋាភិបាលក៏មានគោលនយោបាយជំរុញការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ដើម្បីការពារព្រំដែនឱ្យមានចីរភាពផងដែរ។
លោកបន្ថែមថា នៅក្នុងរយៈពេល២៥ឆ្នាំ ក្រោយពេលដែលកម្ពុជាបានបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង មិនត្រឹមតែធ្វើផ្លូវជាតិតភ្ជាប់ទៅខេត្តរតនគិរី មណ្ឌលគិរីនោះទេ តែក៏បានធ្វើផ្លូវក្រវ៉ាត់តាមព្រំដែនទាំងអស់ ដែលមានប្រវែងរាប់រយគីឡូម៉ែត្រ ហើយរដ្ឋាភិបាលបានដាក់ផែនការរួចហើយនឹងបន្តធ្វើរហូតដល់កន្ទុយនាគ។
គួរជម្រាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន ៨៤ភាគរយហើយ នៅសល់តែ១៦%ទៀតតែប៉ុណ្ណោះ។ ចំណែកព្រំដែនជាមួយប្រទេសឡាវមានប្រមាណ៥៤០គីឡូម៉ែត្រ ក្នុងនោះការបោះបង្គោលព្រំដែនសម្រេចបាន៨៦% នៅសល់១៤%ទៀត៕