(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវឲ្យសមាជិក-សមាជិកា សមាគមឧកញ៉ាកម្ពុជា នាំគ្នាទៅវិនិយោគខេត្តភាគឦសាន និងអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅលេងទីនោះ ឲ្យបានកាន់តែច្រើន ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍ខេត្ដទាំង៤នេះ ឲ្យកាន់តែរឹងមាំ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋាន​​កម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យ សមាជិក-សមាជិកា សមាគមឧកញ៉ាកម្ពុជា និងអ្នកវិនិយោគរបស់កម្ពុជាទាំងអស់ រួមគ្នាយកចិត្ដទុកដាក់តម្រង់ទិស អាទិភាពមួយ ក្នុងការគិតគូរការវិនិយោគរបស់ខ្លួន ដើម្បីឈានទៅវិនិយោគនៅទិសឦសាន ដើម្បីឲ្យខេត្ដទាំង៤ មានការរីកចម្រើនខ្លាំង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រួមគ្នាកសាងប្រទេសរបស់យើង ថែរក្សាទឹកដីរបស់យើង បើស្រលាញ់ជាតិពិតប្រាកដរួមគ្នា ធ្វើអំពើវិជ្ជមាន ដើម្បីថែរក្សាខេត្ដទាំង៤ ជំរុញសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍន៍ខេត្ដទាំង៤នេះ ឲ្យកាន់តែរឹងមាំ ជួយជាមួយរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ស​ម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចបានចាត់ឲ្យកងវិស្វកម្មធ្វើផ្លូវក្រវាត់ព្រំដែន ឲ្យរហូតដល់កន្ទុយនាគតែម្តង។ ស​ម្តេចធិបតី បានបន្ថែមថា ពលរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែននេះតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា រយៈពេល២៥ឆ្នាំ ពលរដ្ឋនៅខេត្តទាំង៤ភាគឦសាន មានកំណើនជានិច្ច។ សម្តេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿតាមការញុះញង់ សូមជឿជាក់លើរាជរដ្ឋាភិបាល ដីខ្មែរទាំង៤ខេត្ត នៅភាគឦសាន មិនបាត់បង់ទៅណានោះឡើយ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅលេងខេត្តភាគឦសានទាំង៤ ឲ្យបានច្រើន បើបារម្ភខ្លាចបាត់បង់។ សម្តេចធិបតី បានថ្លែងគាំទ្រ ឲ្យមានស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ ហើយសម្ដេចគ្រោងរៀបចំកម្មវិធីដឹកយុវជនទៅលេងខេត្តទាំង៤ នៅភាគឦសាននេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងតំណែងជានាយករដ្ឋមន្ត្រី មិនធ្វើឲ្យកម្ពុជាបាត់បង់ដីភាគឦសាននោះឡើយ មានតែដាក់ចេញគោលការណ៍អភិវឌ្ឍន៍ ឲ្យកាន់តែរីកចម្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនឹងដាក់ចេញគោលការណ៍អនុគ្រោះ សម្រាប់ការវិនិយោគនៅខេត្តភាគឦសាន៕