(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកប្រតិកម្មរបស់អ្នកវិភាគនៅក្រៅស្រុកដែលតាំងខ្លួនជាអ្នកដឹងគ្រប់រឿង ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ជាការឆ្លៀតឱកាសដើម្បីរុញសភាពការណ៍ឲ្យប្រជាពលរដ្ឋប៉ះបោរ និងកេងចំណេញនយោបាយតែប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ចុះហេតុអ្វីបានជាពួកគេធ្វើចេញមកវិភាគឥលូវនេះទៅវិញ?
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការចេញមកវិភាគរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសនៅពេលនេះ គ្រាន់តែឆ្លៀតឱកាសដើម្បីរុញសភាពការណ៍ និងញុះញង់ឲ្យប្រជាពលរដ្ឋយល់ច្រឡំ ហើយឈានទៅការធ្វើបាតុកម្ម ដោយពួកគេចង់យកគំរូដូចនៅប្រទេសបង់ក្លាដេសយ៉ាងដូច្នេះដែរ។ សម្ដេចបានចាត់ទុកទៀតថា ក្រុមនេះមានចេតនាដុតឲ្យខ្លោច រោចឲ្យឆៅ។
សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ប្រសិនបើពួកគេមានចេតនាល្អ ម្ល៉េះចេញមកប្រតិកម្មតាំងពីពេលបង្កើតដំបូង ពោលតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ មិនមែនគេប្រជុំជាង១០លើក រយៈពេលជាង២៥ឆ្នាំហើយ ទើបតែចេញមកតាំងខ្លួនថាជាអ្នកដឹងគ្រប់រឿងដូចពេលនេះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសួរទៅអ្នកវិភាគទាំងអ្នកអត់សក់ និងអ្នកសក់វែងដូចស្រី ដែលតែងតែអួតថាខ្លួនដឹងទាំងអស់ ហេតុអីបាន២៥ឆ្នាំហើយ ទើបតែងើបពីដេក បើសិនខ្លួនដឹងពិតប្រាកដ ចេះទាយពិតប្រាកដ ចេះមើលពិតប្រាកដ គួរតែចេញមកប្រតិកម្មតាំងពីឆ្នាំ១៩៩៩ ព្រោះកិច្ចប្រជុំនេះជាគេប្រជុំជាជំហរ១០ដងជាងហើយ តាំងពីឆ្នាំ១៩៩៩ ប្រហែលអ្នកមិនដឹងមិនយល់។ ប៉ុន្ដែអ្នកទាំងនេះគ្រាន់តែឆ្លៀតឱកាសរុញសភាពការណ៍ ហេតុអីបាន២៥ឆ្នាំហើយមិនចេញ ទើបតែងើបពីដេក ឬឆ្លៀតឱកាសដុតឲ្យខ្លោច រោចឲ្យឆៅ»។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ ដោយបែងចែកអ្នកវិភាគនោះជា៣ក្រុម ក្នុងនោះក្រុមទី១ ជាអ្នកនយោបាយមានបំណងរុញសភាពការណ៍ឲ្យប្រជាពលរដ្ឋយល់ច្រឡំ និងក្រុមទី២ រុញឲ្យប្រជាពលរដ្ឋបាតុកម្មប្រឆាំង ដោយប្រើប្រាស់រូបមន្ដដូចនៅប្រទេសបង់ក្លាដេស។ ដែលចំនួនក្រុមទាំង២នេះ សម្ដេចសន្និដ្ឋានមានប្រហែលត្រឹម០.២ភាគរយតែប៉ុណ្ណោះ។ ដោយឡែក ប្រជាពលរដ្ឋទូទៅប្រហែល៩៩.៨ភាគរយ បញ្ចេញមតិយោបល់ដោយសារតែការបារម្ភ និងមិនទាន់ទទួលព័ត៌មានបានគ្រប់ជ្រុងជ្រោយ។
សូមជម្រាបថា សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងឆ្នាំ១៩៩៩។ ការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែនទាំងនោះ ហើយមិនមានការកាត់ខេត្តចំនួន៤របស់កម្ពុជា ឲ្យទៅប្រទេសវៀតណាមនោះទេ។
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ មានចំនួន១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត ប្រទេសឡាវ មានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឲ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់ខេត្តទាំង៤ ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕