(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកប្រកាសថា នឹងចាត់វិធានការ ហើយមិនអនុញ្ញាតឱ្យមានហេតុការណ៍កើតមាននៅកម្ពុជាដូចនៅប្រទេសបង់ក្លាដេសនោះទេ។ សម្តេចក៏បានអំពាវនាវ ឱ្យពលរដ្ឋ បន្តបញ្ចេញមតិចំពោះបញ្ហាជាតិ តែកុំធ្វើរឿងទាំងឡាយណាប៉ះពាល់សន្តិសុខ សេដ្ឋកិច្ចជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមមនុស្សដែលចង់រុញស្ថានការណ៍របស់កម្ពុជា ឱ្យដូចនៅបង់ក្លាដេស មានបានទៅសួរពលរដ្ឋបង់ក្លាដេសថា ចង់បានបញ្ហាបែបនោះដែរទេ? ហើយមានសួរទៅប្រជាពលរដ្ឋ នៅភ្នំពេញ ចង់ឃើញភ្នំពេញ ដូចកាលពីកំឡុងឆ្នាំ២០១៣ ធ្វើបាតុកម្មរាល់ថ្ងៃ កើតមាននៅភ្នំពេញទៀត ឬទេ?។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសមិនអនុញ្ញាតឱ្យយករឿង CLV ទៅបង្កើតព្រឹត្តិការណ៍ដូចបង់ក្លាដេសនោះឡើយ។
ការចោទសួរបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱដែលដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន ម៉ាណែត បានចោទជាសំណួរយ៉ាងដូច្នេះថា៖ «អ៊ឹចឹងក្នុងចំណោមប្រជាពលរដ្ឋដែលនៅព្រួយបារម្ភនេះ កុំរុញសភាពការណ៍ តើអស់លោកមានដឹងទេស្អីទៅដែលកើតនៅបង់ក្លាដេស អស់លោកចង់បង្កើតបែបនេះ តើអស់លោកមានសួរប្រជាពលរដ្ឋ២លាននាក់នៅក្រុងភ្នំពេញទេ ចង់បានអត់? តើអ្នករុញសភាពការណ៍នៅបង់ក្លាដេស មានសួរអ្នករស់នៅទីក្រុងដាការ ១០លាននាក់ទេ? ថាតើគេចង់ឱ្យមានសភាពការណ៍បែបនេះទេ? ដុតរាល់ថ្ងៃ ទេសចរអត់ទៅ ពិបាករស់នៅ មានសួរគេទេ?»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា អ្នកបញ្ឆេះកំហឹងរហូតមានបាតុកម្មមានបានសួរទៅកាន់គ្រួសារជនរងគ្រោះជាង២០០នាក់ ដែលបានស្លាប់នៅអំពើហិង្សាទេឬទេ? ខណៈមុនមានបាតុកម្មពួកគាត់ បានរស់នៅជុំគ្នាក្រុមគ្រួសារសប្បាយរីករាយ។ ត្រង់ចំណុចនេះ សម្តេចចោទសួរទៅជនមួយចំនួនថា តើចង់ឱ្យប្រពលរដ្ឋនៅភ្នំពេញ ធ្លាក់ខ្លួនក្លាយជាជនរងគ្រោះដោយសារទង្វើរបស់ខ្លួន។ ហើយមានសួរទៅប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ចង់ឃើញរាជធានីភ្នំពេញ ដូចកាលពីកំឡុងឆ្នាំ២០១៣ ធ្វើបាតុកម្មរាល់ថ្ងៃ កើតមាននៅភ្នំពេញទៀតទេ ដោយសារប្រធានបទក្នុងន័យចេតនាអាក្រក់បំផុសរឿង តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) នេះ។
សម្ដេចធិបតី បានសង្កេតឃើញថា អ្នកប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណមាន ៣ក្រុម គឺក្រុមដឹងគ្រប់រឿងដែលផ្សាយព័ត៌មានមិនពិត ក្រុមបំផុសឱ្យចលាចលយកចំណេញផ្នែកនយោបាយ ដែលក្រុមទាំងពីរនេះមានប្រហែល ០,២% នៃក្រុមប្រឆាំង និង ៩៩,៨%ទៀត ជាអ្នកព្រួយបារម្ភពិតប្រាកដ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេចគាំទ្រការបញ្ចេញមតិ ស្មារតីស្នេហា គិតគូរខ្វល់ខ្វាយរឿងជាតិ ប៉ុន្តែសូមឈ្វេងយល់ឱ្យគ្រប់ជ្រុងជ្រោយ និងកុំបង្កឱ្យមានភាពចលាចល បាត់ស្ថេរភាពក្នុងប្រទេស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើកុំឱ្យយករឿង CLV បង្កជាបញ្ហាបាតុកម្ម រហូតបណ្ដាលឱ្យកើតមានបញ្ហាអសន្តិសុខ អស្ថេរភាព ប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេស។
គួរបញ្ជាក់ឱ្យដឹងថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមគឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ ខេត្ត ប្រទេសឡាវ មានចំនួន ៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្តដូចជា៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។
តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕