(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសធានាថា កម្មវិធីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV-DTA មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ សម្តេចធិបតីក៏បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន ហើយបើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។
សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលនិងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមធានាអះអាងថា ការអភិវឌ្ឍ CLV - DTA នេះ គឺកម្ពុជាយើងនឹងមិនបាត់បង់អធិបតេយ្យភាព ឬ បាត់បង់ទឹកដីនោះទេ ខ្ញុំយកអនាគតខ្ញុំ និងអនាគតរបស់កូនចៅខ្ញុំមកធានា»។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។
ស្រាប់តែថ្មីៗនេះ មានការបំភ្លៃពីក្រុមប្រឆាំងថា CLV - DTA ជាគម្រិងកាត់ដីឲ្យប្រទេសដទៃទៅវិញ។ ការបំភ្លៃនេះ រហូតក្រុមប្រឆាំងចង់រុញ ឲ្យមានចលនាប្រឆាំងរដ្ឋាភិបាល ដូចនៅប្រទេសបង់ក្លាដែស ទៀតផង។
ករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសួរត្រឡប់ទៅក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេសថា «ហេតុអ្វី២៥ឆ្នាំហើយ មិនលើករឿង CLV? មិនដឹង ឬចង់ដុតឱ្យខ្លោច រោចឱ្យឆៅ?»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា មនុស្សតាំងខ្លួនដឹងគ្រប់រឿង បូកនឹងក្រុមមនុស្សមានចេតនាអាក្រក់បំផុសរឿង CLV មានត្រឹមប្រមាណ ០.២ភាគរយប៉ុណ្ណោះ។ ដោយឡែក អត្រាប្រមាណ ៩៩.៨ភាគរយ ជាពលរដ្ឋគ្មាននិន្នាការនយោបាយ ហើយបារម្ភពិតពីជោគវាសនាជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានចោទសួរទៅក្រុមមនុស្សដែលចង់រុញស្ថានការណ៍កម្ពុជា ឱ្យដូចនៅបង់ក្លាដេសថា មានបានទៅសួរពលរដ្ឋបង់ក្លាដេសថា ចង់បានបញ្ហាបែបនោះដែរទេ? សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា នឹងចាត់គ្រប់វិធានការមិនអនុញ្ញាតឱ្យមានហេតុការណ៍បង់ក្លាដេស កើតមាននៅកម្ពុជានោះឡើយ៕