(ភ្នំពេញ)៖ ស្របពេលដែលបានប្រកាសឱ្យអនុវត្តន៍យន្តការសម្រួលការចាយប្រាក់ដុល្លារចាស់ ទក់ ប្រឡាក់ និងរហែកតិចតួចនៅទូទាំងប្រទេសនៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងលើកទឹកចិត្តប្រជាពលរដ្ឋ, អ្នកធ្វើធុរកិច្ច និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដែលជាម្ចាស់ក្រុមហ៊ុន ជួយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ជាតិ ឱ្យបានច្រើន។
បើតាមការបញ្ជាក់របស់សម្តេចធិបតី ការចាយវាយ ឬប្រើប្រាស់ប្រាក់រៀលរបស់ជាតិ គឺមិនបារម្ភលើការខាតបង់ដោយគេកាត់ទឹកនោះឡើយ ហើយថែមទាំងជួយលើកកម្ពស់អត្តសញ្ញាណជាតិ។
ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចបានថ្លែងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់លុយរៀល ឱ្យបានច្រើន ព្រោះយើងចាយលុយរៀលអត់មានបញ្ហាទេ មួយទៀតក៏ជាអត្តសញ្ញាណរបស់យើងដែរ។ អីចឹងខ្ញុំលើកទឹកចិត្ត ហើយថ្ងៃនេះនៅទីនោះសុទ្ធតែឧកញ៉ា អ្នកដែលមានធុរកិច្ច សូមជួនលើកទឹកចិត្តប្រាក់រៀលឱ្យបានច្រើន»។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា យន្តការនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល (QR Code) ក៏កំពុងរួមចំណែកបានយ៉ាងច្រើន ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលជាតិ ហើយការទូទាត់តាមប្រព័ន្ធ QR Code ក៏នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរផងដែរ៕
<div cla