(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤តទៅ ជនបរទេសដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្ដរជាតិទាំង៣ អាចបង់ប្រាក់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិុចត្រូនិកតែម្ដង ដោយមិនចាំបាច់តម្រង់ជួរគ្នាដើម្បីបង់ជាសាច់ប្រាក់ទៀតនោះទេ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការសម្រួលបែបនេះជូនដល់អ្នកដំណើរបរទេស សំដៅដល់ការទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជា និងកាត់បន្ថយភាពស្មុគស្មាញ។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការបង់ថ្លៃសេវាតាមប្រព័ន្ធអេឡិចត្រូនិកនេះ គឺអនុវត្តទាំងការបង់ពន្ធ ការដាក់ពាក្យស្នើសុំទិដ្ឋាការនៅពេលមកដល់ និងទិដ្ឋាការដែលបានស្នើសុំរួចនៅតាមស្ថានទូត ឬកុងស៊ុលនៅក្រៅប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវខ្ញុំបានសម្របសម្រួលការងារនេះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំហើយចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤តទៅ នៅព្រលានយន្ដហោះយើងទាំង៣ ទាំងការបង់ពន្ធ ការដាក់ពាក្យសុំវីសា On-Arrival និងវីសានៅខាងក្រៅដែលធ្វើរួចហើយ គឺប្រើអេឡិចត្រូនិកទាំងអស់ អ៊ីចឹងទាំងភ្ញៀវទេសចរ និងអ្នកមកដល់មិនចាំបាច់ប្រើសាច់ប្រាក់ទៀតទេ»។
ទាក់ទិនការស្នើសុំទិដ្ឋាការនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កន្លងទៅរបៀបនៃការស្នើសុំទិដ្ឋាការត្រូវបានអនុវត្តតាមពីររបៀបផ្សេងគ្នា ក្នុងនោះរួមមាន ទី១៖ ស្នើសុំនៅតាមស្ថានទូត ឬអគ្គកុងស៊ុលនៅក្រៅប្រទេស ដែលត្រូវបំពេញនៅលើទម្រង់ក្រដាសដោយផ្ទាល់ និងទី២៖ ស្នើសុំទិដ្ឋាការនៅពេលមកដល់ ឬ On-Arrival ហើយត្រូវតម្រង់ជួរដើម្បីបង់លុយតាមក្រោយ ទាំងអន្ដោប្រវេសន៍ គយ និងសុខាភិបាល ប៉ុន្ដែនៅពេលនេះបានឯកភាពគ្នារៀបចំជាប្រព័ន្ធអេឡិចត្រូនិកទាំងអស់ មិនចាំបាច់បំពេញលើក្រដាសទៀតឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងសុខាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានដាក់ឲ្យអនុវត្តនូវការស្នើសុំទិដ្ឋាការតាមអនឡាញ និងការបង់លុយតាមអនឡាញបានជាច្រើន។ សម្ដេចអះអាងថា ប្រព័ន្ធនៃការគ្រប់គ្រងនេះ គឺរៀបចំដោយកូនខ្មែរតែម្ដង មិនមែនកម្មវិធីដែលរៀបចំដោយបរទេសនោះទេ។
បន្ថែមពីនេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យអ្នកដែលពាក់ព័ន្ធទាំងអស់ ពិសេសនៅច្រកទ្វារព្រលានយន្ដហោះតែម្ដង ត្រូវតែធ្វើបដិសណ្ឋារកិច្ចចំពោះអ្នកធ្វើដំណើរចូលមកប្រទេសកម្ពុជាឲ្យបានល្អ ព្រោះការធ្វើបដិសណ្ឋារកិច្ចល្អ គឺជាមធ្យោបាយគន្លឹះក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើនថែមទៀតផងដែរ៕