(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឱ្យលោក Yuji Kumamaru ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ចូលជួបពិភាក្សា និងជម្រាបលាក្នុងខណៈដែលលោកនឹងត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងជំនួបនេះផងដែរ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈលោកឯកអគ្គរាជទូត ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការស្តារកសាង និងអភិវឌ្ឍសង្គមជាតិកម្ពុជាជារួម។
ដោយឡែក ក្នុងក្របខ័ណ្ឌការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីភាពចាំបាច់ ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងការកែទម្រង់ស៊ីជម្រៅ ដើម្បីវឌ្ឍនភាពសង្គម។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានសម្ដែងនូវការកោតសរសើរ និងសមានចិត្តគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ភាគីទាំងពីរបានសម្ដែងនូវបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើគ្រប់វិស័យ៕