(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ កម្មវិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលឌឹ ព្រេមៀ សេនធ័រ សែនសុខ។
កម្មវិធីខាងលើនេះ រៀបចំឡើងដើម្បីពង្រឹងកិច្ចសាមគ្គីភាពក្នុងគ្រួសារឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ដែលសុទ្ធសឹងជាធាតុដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ និងកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ។ កម្មវិធីនេះ ជាជំនួបលើកដំបូងរវាងឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋានជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដូច្នេះជំនួបនេះ ក៏ជាឱកាសដ៏វិសេសវិសាលមួយក្នុងការទទួលអនុសាសន៍នានាពីប្រមុខរាជរដ្ឋាភិបាល ដើម្បីជំរុញសកម្មភាពរបស់អ្នកឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ឱ្យក្លាយជាសកម្មភាពដែលកាន់តែមានគុណតម្លៃដល់សង្គមជាតិ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានសូមវាយតម្លៃខ្ពស់ និងសូមអរគុណលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល នៃសមាគមទាំងពីរ ដែលបានសហការរៀបចំពិធីនេះឡើង ដើម្បីលើកកម្ពស់បន្ថែមទៀត នូវកិច្ចសហការធុរកិច្ច, មិត្តភាព និងសាមគ្គីភាព នៃសមាជិក ក៏ដូចជាសមាគមទាំងពីរ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកតាមរបាយការណ៍ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជាមានសមាជិកចំនួន៤១០ រូប និងត្រូវបានដឹកនាំដោយកុម ប្រឹក្សាភិបាល ដែលមានអាណត្តិ ៥ឆ្នាំ ជាមួយនឹងគណៈកម្មការជំនាញចំនួន៤ និងអគ្គ-លេខាធិការដ្ឋាន ដែលជាសេនាធិការរបស់សមាគមទទួលបន្ទុកការងារប្រចាំថ្ងៃ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកឧកញ៉ា, អ្នកឧកញ៉ា, ឧកញ៉ា និងគោរមវន្តទាំងអស់ ដែលគិតមកត្រឹមឆ្នាំ២០២៣ មានចំនួន១៤៣២រូប ដែលជានិច្ចកាលតែងតែ ចូលរួមក្នុងសកម្មភាពសង្គមនានា ដូចជា សកម្ម- ភាពមនុស្សធម៌ និងសប្បុរសធម៌យ៉ាងច្រើននាពេលកន្លងមក ជាពិសេសក្នុងអំឡុង ពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាលជារឿយៗតែង តែមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលបានបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមជារៀងរាល់ឆ្នាំ, ចូលរួមបរិច្ចាគថវិកាសម្រាប់សកម្មភាពបោសសម្អាត មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ចូលរួមបរិច្ចាគថវិកាជូនសមាគមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (TYDA), ចូលរួមបរិច្ចាគថវិកាកសាងអគារសិក្សានៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា, ជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត, កសាងសារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សម រាជបូណ៌ ជាដើម។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជួយវិស័យឯកជនចំទិសដៅ គឺត្រូវតែជួប និងសួរផ្ទាល់ជាមួយវិស័យឯកជន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចង់ជួយប្រជាពលរដ្ឋ ត្រូវជួយដល់វិស័យឯកជន ដែលជាអ្នកនាំការងារជូនប្រជាពលរដ្ឋ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកស្រី ជា សេរី និងធនាគារ ដែលបានជួយសម្របសម្រួលដល់ការចាយក្រដាសប្រាក់ដុល្លារចាស់ៗ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លុយដុល្លារចាស់ៗចាយមិនបាន តម្រូវឱ្យធនាគារកម្ពុជា ដឹកយកទៅដូរនៅអាមេរិក។ កន្លងទៅដុល្លារចាស់ប្រមាណ ១១លានដុល្លារត្រូវដឹកទៅដូរនៅអាមេរិក ត្រូវចំណាយការដឹកជញ្ជូនប្រមាណ ៣៥ម៉ឺនដុល្លារ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកយន្តការសម្របសម្រួលចាយលុយដុល្លារចាស់ៗនៅសៀមរាប ក្រៅពីសម្រួលដល់ការធ្វើអាជីវកម្ម សម្រួលអ្នកទេសចរហើយនោះ ក៏ជាការស្ទង់មើលតើលុយដុល្លារចាស់ហូរចូលកម្ពុជាឬយ៉ាងណា?
*សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តន៍យន្តការសម្រួលចាយលុយដុល្លារចាស់ៗនៅទូទាំងប្រទេស។
*សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុន និងអាជីវករ ចូលរួមបន្ធូរបន្ថយចាយលុយដុល្លារចាស់ៗ ឬទក់។
*សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរចាយប្រាក់រៀល។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤តទៅ អ្នកដំណើរបរទេសអាចបង់ប្រាក់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិកតែម្តង។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំពឹងថា អ្នកពាក់ព័ន្ធទាំងអស់នឹងយកចិត្តទុកដាក់លើបដិសណ្ឋារកិច្ចចំពោះអ្នកដំណើរចូលមកប្រទេសកម្ពុជា។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បើកទូលាយការស្លៀកពាក់តាមប្រពៃណីរបស់ជាតិសាសន៍ទាំងអស់នៅតំបន់អង្គរ តែមិនត្រូវធ្វើសកម្មភាពដែលនាំឲ្យមានការប៉ះពាល់ និងត្រូវហាមឃាត់។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា សម្តេចបានប្រជុំជាមួយអ្នកពាក់ព័ន្ធ ដើម្បីសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅរមណីយដ្ឋានអង្គរ និងការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនលើការថតរូប និងការស្លៀកពាក់បែបប្រពៃណី។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ថតរូបសម្រាប់ធ្វើអាជីវកម្ម ត្រូវសុំច្បាប់ និងបង់ថ្លៃសេវា, ថតមិនប្រើអាជីវកម្ម សុំច្បាប់ តែមិនតម្រូវឱ្យបង់ថ្លៃ សម្រាប់ស្ថាប័នសារព័ត៌មាន។ ក្រៅពីលក្ខខណ្ឌពីរនេះ គឺថតបានមួយសេរី រាប់ទាំងអ្នកថត Pre Wedding ផងដែរ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅថតជាលក្ខណៈឯកជននៅតំបន់អង្គរ សូមអញ្ជើញទៅថតចុះ ដោយមិនមានការហាមឃាត់នោះឡើយ ដើម្បីជួយផ្សព្វផ្សាយទេសចរណ៍របស់យើង។ លើកលែងតែថតដើម្បីអាជីវកម្មត្រូវស្នើសុំ និងបង់លុយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំរាល់សកម្មភាពថតគួរមានសីលធម៌ មិនត្រូវថតដែលដែលប៉ះពាល់ដូចជា ដោះអាវ ច្រង៉េងច្រង៉ាង ត្រូវធ្វើយ៉ាងណាឲ្យមានសណ្តាប់ធ្នាប់ទាំងអស់គ្នា។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន។ បើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាថា កម្មវិធីតំបន់អភិវឌ្ឍន៍ត្រីកោណ មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងរំលឹកថា ពេលរៀននៅក្រៅប្រទេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហាមផ្តាច់មិនឱ្យសម្តេចយកភរិយាជាជនបរទេសនោះឡើយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចគ្មានផែនការវេចបង្វេចរត់ចោលប្រទេសនេះឡើយ ដូច្នេះសម្តេចត្រូវតែការពារប្រទេសនេះ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មនុស្សតាំងខ្លួនដឹងគ្រប់រឿង បូកនឹងក្រុមមនុស្សមានចេតនាអាក្រក់បំផុសរឿង CLV មានត្រឹមប្រមាណ ០.២ភាគរយប៉ុណ្ណោះ។ ដោយឡែកអត្រាប្រមាណ ៩៩.៨ភាគរយ ជាពលរដ្ឋគ្មាននិន្នាការនយោបាយ ហើយបារម្ភពិតពីជោគវាសនាជាតិ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត សួរត្រឡប់ទៅក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេសថា ហេតុអ្វី២៥ឆ្នាំហើយ មិនលើករឿង CLV? មិនដឹង ឬចង់ដុតឱ្យខ្លោច រោចឱ្យឆៅ?
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមមនុស្សដែលចង់រុញស្ថានការណ៍កម្ពុជា ឱ្យដូចនៅបង់ក្លាដេស មានបានទៅសួរពលរដ្ឋបង់ក្លាដេសថា ចង់បានបញ្ហាបែបនោះដែរទេ?
*សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា នឹងចាត់គ្រប់វិធានការមិនអនុញ្ញាតឱ្យមានហេតុការណ៍បង់ក្លាដេស កើតមាននៅកម្ពុជានោះឡើយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ បោះរាប់រយបង្គោល គឺដើម្បីការពារបូរណភាពទឹកដី។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលសម្តេចនៅជាមេទ័ពជើងគោក សម្តេចគ្មានគោលការណ៍ដកលេណដ្ឋានទ័ពចេញពីតាមបន្ទាត់ព្រំដែននោះឡើយ។ ប៉ុន្តែអ្នកធានានិរន្តរភាពបូរណភាពទឹកដី គឺប្រជាពលរដ្ឋរស់នៅតាមព្រំដែន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើលោកនេះមិនទាន់មានប្រទេសធ្វើរបងព្រំដែននោះទេ សូម្បីតែប្រទេសមហាអំណាច។ ដូច្នេះមានតែការរុញពលរដ្ឋឱ្យរស់នៅតាមព្រំដែន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានចារឱ្យកងវិស្វកម្មធ្វើផ្លូវក្រវាត់ព្រំដែន ឱ្យរហូតដល់កន្ទុយនាគតែម្តង។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែននេះតែម្តង។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល២៥ឆ្នាំ ពលរដ្ឋនៅខេត្តទាំង៤ភាគឦសាន មានកំណើនជានិច្ច។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់ សូមជឿជាក់លើរាជរដ្ឋាភិបាល ដីខ្មែរទាំង៤ខេត្តនៅភាគឦសាន មិនបាត់បង់ទៅណានោះឡើយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀង CLV មិនអនុញ្ញាតឱ្យមានលំហូរពលរដ្ឋប្រទេសទាំង៣ ដោយខុសច្បាប់នោះឡើយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនមានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយចាប់ពីឆ្នាំ២០១២មក ហើយដីសម្បទានសេដ្ឋកិច្ចមានរយៈពេលត្រឹម៥០ឆ្នាំប៉ុណ្ណោះ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ច្បាប់ដីសម្បទានសេដ្ឋកិច្ច រាល់ការមកវិនិយោគ ត្រូវយកកម្លាំងពលកម្មជាពលរដ្ឋខ្មែរ ៩០ភាគរយឡើងទៅ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រឱ្យមានស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវពលរដ្ឋទៅលេងខេត្តភាគឦសានទាំង៤ ឱ្យបានច្រើន បើបារម្ភខ្លាចបាត់បង់។
*សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យសមាជិក សមាជិកាសមាគមឧកញ៉ាកម្ពុជា នាំគ្នាទៅវិនិយោគខេត្តភាគឦសានឱ្យបានកាន់តែច្រើន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងរៀបចំកម្មវិធីដឹកយុវជនទៅលេងខេត្តទាំង៤នៅភាគឦសាន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាក្នុងតំណែងជានាយករដ្ឋមន្ត្រីមិនធ្វើឱ្យកម្ពុជាបាត់បង់ដីភាគឦសាននោះឡើយ មានតែដាក់ចេញគោលការណ៍អភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនឹងដាក់ចេញគោលការណ៍អនុគ្រោះសម្រាប់ការវិនិយោគនៅខេត្តភាគឦសាន។
*សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថា និងសំណេះសំណាលនៅវេលាម៉ោង ៧៖៣៣នាទីនាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕