(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រឹងសមត្ថភាពស្ថាប័ន, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឱ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការ លើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែកបទពិសោធ ការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួង ដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។
នៅថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រសួងបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាព អនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ជំហានទី៣ តំបន់ទី១ នៅសណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពរដ្ឋលេខាធិការ ខាយ ឃុនហេង ព្រមទាំងមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨៣ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ១៩ខេត្ត។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១- ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ
២- បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍
៣- ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី៣) សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលធ្វើនៅ ៤ទីតាំង ដូចខាងក្រោម ៖
- ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤
- ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤
- ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
- រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៕