(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានទទូចដល់មូលដ្ឋានសុខាភិបាលសាធារណៈទំាងអស់ ត្រូវមើលឃើញថា ការថែទាំងអ្នកជំងឺគឺជារឿងដ៏សំខាន់ណាស់ បើគ្មានការថែទាំល្អ មិនអាចជោគជ័យក្នុងការព្យាបាល និងសង្គ្រោះអ្នកជំងឺបានទេ ហើយការថែទំាមិនមែនជារឿងរបស់គិលានុដ្ឋាក នៅក្នុងមន្ទីរពេទ្យនោះដែរ ដូច្នេះនាយកមន្ទីរពេទ្យ ឬប្រធានអង្គភាពទាំងអស់ ត្រូវតែយកចិត្ដទុកដាក់ឱ្យបានខ្ពស់បំផុត និងត្រូវធ្វើកិច្ចការងារជាប់ប្រចាំជាមួយនឹងគិលានុដ្ឋាក។
ការថ្លែងបែបនេះ របស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ២០២៤ ក្រោមប្រធានប្រធានបទ «គិលានុបដ្ឋាក និងឆ្មប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព រួមចំណែកធ្វើឱ្យប្រសើរឡើងដល់ផលប្រយោជន៍អ្នកជំងឺ» ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ នាសណ្ឋាគារភ្នំពេញ មានការចូលរួមពីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា (JICA) តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) និងគណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប រួមទំាងអង្គការដៃគូសុខាភិបាល ដែលមានការអញ្ជើញចូលផ្ទាល់៣០០នាក់ និងតាមប្រព័ន្ធ Zoom ចំនួន ១០០០នាក់។
លោកសាស្ដ្រាចា្ររ្យរដ្ឋមន្ដ្រីបានថ្លែងទៀតថា «ការងារមើលថែទាំអ្នកជំងឺ គឺជាការងារដ៏សំខាន់ណាស់ យើងអាចនិយាយបានថា ជាអប្បបរិមាប្រមាណជាង ៥០% នៃការងារវិជ្ជសាស្ដ្រ ក្នុងការចូលរួមចំណែកផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព លើកកម្ពស់សុខុមាលភាពរបស់អ្នកជំងឺ ឬប្រជាពលរដ្ឋ ដែលទាមទារឱ្យនាយកមន្ទីរពេទ្យ ឬប្រធានអង្គភាពទាំងអស់ ត្រូវតែយកចិត្ដទុកដាក់ឱ្យបានខ្ពស់បំផុត និងត្រូវធ្វើកិច្ចការងារជាប់ប្រចាំជាមួយនឹងគិលានុដ្ឋាក»។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា គិលានុបដ្ឋាកបានដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករនៅក្នុងប្រព័ន្ធសុខាភិបាល ក្នុងការចូលរួមចំណែកការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការពិនិត្យអ្នកជំងឺ ផ្តល់ឱសថ ជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ ផ្តល់ជំនួយផ្លូវចិត្ត និងបំពេញតួនាទីសំខាន់ៗមួយចំនួនផ្សេងទៀត។ ដូច្នេះគិលានុបដ្ឋាកនិងឆ្មប ត្រូវតែពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីដោះស្រាយអាទិភាពសុខភាពទាំងអស់នេះ ព្រមទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានា ឱ្យមានប្រសិទ្ធភាពខ្ពស់។
ដើម្បីអភិវឌ្ឍន៍វិជ្ជាជីវៈថែទាំឱ្យកាន់តែរីកចម្រើន នៅថ្នាក់កណ្តាល លោកសាស្ដ្រាចារ្យស្នើឱ្យការិយាល័យគិលានុបដ្ឋាកនិងឆ្មប គណៈឆ្មប គណៈគិលានុបដ្ឋាក សមាគមឆ្មប និងសមាគមគិលានុបដ្ឋាក ធ្វើការរួមគ្នា រៀបចំផែនការសកម្មភាពជាមួយគ្នា ដើម្បីពង្រឹងការអនុវត្តបទដ្ឋានគតិយុត្ត សម្រាប់គាំទ្រដល់ការអនុវត្តរបស់គិលានុបដ្ឋាក និងឆ្មបរៀងរាល់ខែ។ គណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប បញ្ជូនរបាយការណ៍ប្រចាំខែ ពីវឌ្ឍនៈភាពមកនាយកដ្ឋានមន្ទីរពេទ្យ ដើម្បីបានដឹងពីការីកចម្រើន និងធ្វើការចងក្រងជារបាយការណ៍រួម សម្រាប់វិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប។
សម្រាប់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ជាមួយប្រធានមន្ទីរពេទ្យ និងប្រធានថែទាំមន្ទីរពេទ្យ រៀបចំប្រជុំជាទៀងទាត់ ដើម្បីពិនិត្យមើលពីបញ្ហាប្រឈមដែលកើតមាននៅតាមមន្ទីរពេទ្យ និងស្វែងរកដំណោះស្រាយដែលជាប្រយោជន៍ដល់អ្នកជំងឺ ដល់មន្ទីរពេទ្យ និងដល់មន្រ្តីសុខាភិបាល។ ជាងនេះទៅទៀតប្រធានមន្ទីរពេទ្យបង្អែក គួររៀបចំឱ្យគណៈកម្មការថែទាំមន្ទីរពេទ្យនីមួយៗ មានប្រធាន អនុប្រធាន សមាជិក និងមានកន្លែងពួកគាត់អាចប្រជុំប្រចាំខែ មានតួនាទី និងភារកិច្ច និងរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់សេវាថែទាំ។ នៅតាមមន្ទីរពេទ្យ គិលានុបដ្ឋាក និងឆ្មប ត្រូវកំណត់សូចនាករតាមផ្នែក ដើម្បីពង្រឹងការអនុវត្តព្រមទាំងធ្វើការតាមដាន និងវាយតម្លៃសូចនាករឱ្យបានច្បាស់លាស់។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់អង្គសន្និសីទទៀតថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារបន្ថែមទៀត គឺត្រូវត្រួតពិនិត្យអនាម័យតាមតាមន្ទីរពេទ្យ ចុះតាមសាលនានា ប្រធានថែទាំត្រូវប្រជុំរៀងរាល់អាទិត្យ ដើម្បីពិភាក្សាពីបញ្ហា និងដោះស្រាយជាមួយគ្នា។ ត្រូវធ្វើកិច្ចការឱ្យកាន់តែប្រសើឡើង មានកិច្ចសហប្រតិបត្តិការជាមួយសហភាតរៈ និងដៃគូនានា, ផ្តល់ការថែទាំប្រកបដោយមេត្តាករុណាសម្រាប់អ្នកជំងៗ ហើយត្រូវជាម្ចាស់ការលើការងារដែលខ្លួនបានធ្វើ, ការយកចិត្តទុកដាក់កាងារជាសំខាន់, ត្រៀមដោះស្រាយបញ្ហាផ្សេងឱ្យបានទាន់ពេលវេលា និងមានទស្សនៈវិស័យវែងឆ្ងាយសម្រាប់ការងារថែទាំ។
សូមជម្រាបថាសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ២០២៤ ជាការរៀបចំដើម្បីចែករំលែកពីបទពិសោធន៍ ប្រសិទ្ធ-ភាពការងារដឹកនាំផ្នែកថែទាំ ការគ្រប់គ្រង ការអប់រំគិលានុបដ្ឋាក-ឆ្មប ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ នវានុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងវិស័យថែទាំជំងឺ ការអនុវត្តគ្លីនិកកម្រិតខ្ពស់ ការអនុវត្តន៍ផ្អែកលើភស្តុតាង និងសមត្ថភាពផ្នែកថែទាំនៅប្រទេសកម្ពុជា។
យោងតាមទិន្នន័យរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃក្រសួងសុខាភិបាល ឆ្នាំ២០២៤ បានបញ្ជាក់ថា គិលានុបដ្ឋាក និងឆ្មបចំនួនប្រហែល ៦០% នៃធនធានសុខាភិបាលសរុបនៅកម្ពុជា គឺជាបុគ្គលិកដែលជួបអ្នកជំងឺមុនគេ មានទំនាក់ទំនងជាមួយអ្នកជំងឺ ផ្តល់ការថែទាំ គាំទ្រ ព្យាបាលអ្នកជំងឺ អ្នករបួស អ្នកជំងឺហៀបនឹងស្លាប់ ហើយជួយគ្រួសារនិងសហគមន៍ឱ្យកាន់តែប្រសើរឡើង។
គិលានុបដ្ឋាកពិនិត្យអ្នកជំងឺ ផ្តល់ឱសថជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ ផ្តល់ជំនួយផ្លូវចិត្ត និងបំពេញតួនាទីសំខាន់ៗមួយចំនួនផ្សេងទៀតដូចជា (ចូលរួមប្រយុទ្ធនឹងជំងឺមិនឆ្លង ជំងឺឆ្លង ការចូលរួមទប់ស្កាត់ឱសថប្រឆាំងមេរោគ ចូលរួមដោះស្រាយភាពអាសន្នផ្នែកសុខភាព ការរីករាលដាលនៃជំងឺរាតត្បាត និងការថែទាំសុខភាពបឋមជាដើម)៕