(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានចុះហត្ថលេខាជាមួយ លោក ត្រឿង មិញទន់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសារគមនាគមន៍វៀតណាម ស្តីពី «ផែនការកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន» នៅរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងព័ត៌មាន។ ភាគីកម្ពុជា និងវៀតណាម បានអះអាងឲ្យដឹងថា ការចុះហត្ថលេខានេះ ធ្វើឡើងដើម្បីពង្រីកបន្ថែមលើការផ្សព្វផ្សាយ ឲ្យមានវិសាលភាពនៅលើសកលលោក ។
នៅក្នុងជំនួបនារសៀលនោះ លោក ខៀវ កាញារីទ្ធ បានប្រាប់ទៅកាន់ភាគីវៀតណាមថា វិស័យព័ត៌មាននៅកម្ពុជា កំពុងដំណើរការរលូនទៅមុខគួរឲ្យកត់សំគាល់។ លោក ខៀវ កាញារីទ្ធ ថាលោកកំពុងតែពង្រឹកបន្ថែមទៀត លើវិស័យព័ត៌មានដើម្បីត្រៀមផ្សព្វផ្សាយព័ត៌មានឲ្យមានវិសាលភាព នៅក្នុងការបោះឆ្នោតដ៏មមាញឹកនាពេលខាងមុខនេះ ដូចជាការបោះឆ្នោត ជ្រើសរើសឃុំប្រឹក្សាឃុំសង្កាត់ នៅ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសថ្នាក់ជាតិ នៅឆ្នៃ២០១៨ខាងមុខនេះ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឲ្យភាគីវៀតណាម ជួយបណ្តុះបណ្តាលដល់ធនធានមនុស្សកម្ពុជាខាងផ្នែកព័ត៌មាន និងផ្នែកបច្ចេកទេសផងដែរ។ លោកបន្តថា ការស្នើនេះដោយសំឡឹងឃើញថា ប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសវៀតណាមមានការរីកចំរើនគួរកត់សំគាល់ ហើយជាពិសេសដោយសារតែការទៅរៀននៅប្រទេសវៀតណាមចំណាយតិចជាងបណ្តាប្រទេសផ្សេងៗ។
លោក ត្រឿង មិញទន់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសារគមនាគមន៍ក៏បានសម្តែងការអរគុណដល់ភាកីកម្ពុជា ជាពិសេស រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានសហការយ៉ាងល្អជាមួយខ្លួន ក្នុងការផ្តល់ព័ត៌មាន និង ការផ្លាស់ប្តូរបទពិសោធន៍ការងារឲ្យគ្នាទៅវិញទៅមក។លោកថាដោយសារតែការសហការនេះហើយ ទើបធ្វើឲ្យកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន របស់កម្ពុជា-វៀតណាម កាន់តែល្អប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។
ក្រោយបញ្ចប់ការចុះហត្ថលេខារវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន-វៀតណាម ភាគីទាំងពីរ ក៏បានជូនវត្ថុអនុស្សាវរីយ៍តំណាងប្រទេសនីមួយៗ ជូនគ្នាទៅវិញទៅមកផងដែរ៕