(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារសមាគម ចូលរួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកម្មវិធីជូនដល់សិល្បករ សិប្បករ ដែលមានជីវភាពខ្វះខាត និងមានជំនាញវិជ្ជាជីវៈលើវិស័យវប្បធម៌ចំនួន៥០៥នាក់ មកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បានក្រាបថ្វាយបង្គំគាល់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅបរិវេនតំបន់អភិវឌ្ឍទីក្រុងរណបកោះនរា។
ក្នុងព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈបានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទាន ដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជ្រើសរើសសិល្បករ-សិល្បការិនី តន្ត្រីករផ្នែកបុរាណ និងសម័យ ដែលមានជីវភាព ខ្វះខាត និងជរាក្រីក្រ ដើម្បីបានក្រាបថ្វាយបង្គំគាល់ និងប្រទាននូវព្រះរាជអំណោយ។
នៅក្នុងវរោកាសដ៏មហាប្រសើរថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ព្រះអង្គបានស្ដេចយាងសាកសួរសុខទុក្ខសិល្បករ-សិល្បការិនី និងសិប្បករទាំងអស់ ដែលជាកូនចៅរបស់ព្រះអង្គដោយទឹកព្រះទ័យអំណររីករាយជាទីបំផុត។ ដោយឡែក សិល្បករ-សិល្បការិនី និងសិប្បករទាំងអស់វិញ ក៏បានសម្ដែងនួវទឹកចិត្តរំភើបរីករាយយ៉ាងក្រៃលែង ដែលមានឱកាសបានក្រាបបង្គំគាល់ព្រះមហាក្សត្រជាទីគោរពសក្ការៈដោយផ្ទាល់។
លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា សិល្បករ សិប្បករដែលបានចូលក្រាបបង្គំព្រះករុណាព្រះមហាក្សត្រនាពេលនេះ មានជំនាញរួមមាន របាំព្រះរាជទ្រព្យ ល្ខោនបុរាណពោលស្រី ល្ខោនស្បែកធំ ល្ខោនខោល អាយ៉ៃ យីកេ ល្ខោនបាសាក់ ចាប៉ីដងវែង តន្រ្តីបុរាណ ចម្រៀងប្រ៊ីន កំណាព្យ ស្មូត គុនល្បុក្កតោ និងផ្នែកសិប្បកម្មសូនរូប និងសិប្បកម្មប្រពៃណី។ ជំនាញផ្នែកចម្លាក់ វិចិត្រករ ស្មូនឆ្នាំង តម្បាញសូត្រ តម្បាញក្រមា និងធ្វើឧបករណ៍ភ្លេង ដែលមានចំនួនសរុប ៥០៥នាក់ ក្នុងនោះអញ្ជើញមកពីរាជធានីភ្នំពេញមានចំនួន ១៦៩នាក់ និងមកពីបណ្តាខេត្ត ចំនួន ៣៣៦នាក់(សិល្បករមានពិការភាពចំនួន ៥២នាក់)។
លោកស្រីបណ្ឌិតសភាចារ្យក៏បានសូមព្រះបរមរាជានុញ្ញាតថ្លែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា និងការយកព្រះទ័យទុកដាក់ចំពោះសិល្បៈវប្បធម៌ ពិសេសលើជីវភាពសិល្បករ-សិល្បការិនី និងសិប្បករ នាពេលកន្លងមករបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងនាមសិល្បករ-សិល្បការិនី និងសិប្បករទាំងអស់ លោកជំទាវសូមសម្តែងនូវអំណរព្រះរាជគុណជាពន់ពេកចំពោះការព្រះរាជទាននេះ។
សម្រាប់សិល្បករ-សិល្បការិនី និងសិប្បករ ព្រះរាជទាននេះមានតម្លៃមហិមា ហើយដែលជាឱកាសដ៏កម្រក្នុងជីវិតបានមកចូលក្រាបថ្វាយបង្គំគាល់ ជួបព្រះភក្ត្រ និងស្តាប់ព្រះឱស្ឋ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយផ្ទាល់បែបនេះ។ នេះជាការលើកទឹកចិត្ត និងជាកម្លាំងចិត្តធំធេងណាស់សម្រាប់យើងខ្ញុំម្ចាស់ទាំងអស់គ្នា ក្នុងការបន្តជំរុញការថែរក្សាការពារ និងបណ្តុះបណ្តាលសិល្បៈវប្បធម៌ជាតិដល់យុវជនជំនាន់ក្រោយ។
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ និងដោយមើលឃើញពីការលំបាក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានឧបត្ថម្ភនូវថវិកាចំនួន ៧៥,០០០,០០០៛ (ចិតសិបប្រាំលានរៀលគត់) ដើម្បីជួយសម្រួលដល់ការចំណាយធ្វើដំណើរ ហូបចុក និងស្នាក់នៅដល់សិល្បករ សិប្បករមកពីបណ្ដាខេត្តដែលបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅថ្ងៃនេះ តបតាមសំណើររបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕