(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយដាក់ផ្សាយជាសាធារណៈនូវឯកសារ ដែលពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីឲ្យសាធារណជន សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវ បានជ្រួតជ្រាបស្វែងយល់ច្បាស់អំពីអត្ថន័យ ខ្លឹមសារ និងសារៈសំខាន់នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជាស្ថាបនិក និងជាអ្នកផ្តួចផ្តើមគំនិតបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ទ្បាវ-វៀតណាម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ណែនាំឲ្យក្រសួងពាណិជ្ជកម្ម ធ្វើការផ្សព្វផ្សាយទូលំទូលាយនូវឯកសារដែលពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ទ្បាវ-វៀតណាម ដើម្បីឲ្យសាធារណជន សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវ បានជ្រួតជ្រាបស្វែងយល់ច្បាស់អំពីអត្ថន័យ ខ្លឹមសារនិងសារៈសំខាន់ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ទ្បាវ-វៀតណាម ព្រមទាំងវឌ្ឍនភាពដែលតំបន់ត្រីកោណ អភិវឌ្ឍន៍នេះសម្រេចបាន ចាប់តំាងពីការបង្កើតដំបូងនាឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបីបានប្រារព្ធរៀបចំកិច្ចប្រជុំកំពូលចំនួន ១១លើក រួចមកហើយ។
ក្រសួងពាណិជ្ជកម្ម សូមដាក់ផ្សាយជាសាធារណៈនូវឯកសាររួមមាន៖ សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលចាប់ពីលើកទី១ រហូតដល់លើកទី១១ និងកិច្ចព្រមព្រៀង ព្រមទាំងអនុស្សារណៈពាក់ព័ន្ធចំនួន ៥ ដែលជាឯកសារក្របខ័ណ្ឌសម្រាប់ការអនុវត្តការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ទ្បាវ-វៀតណាម។ ឯកសារទាំងអស់នេះ មានដាក់ផ្សាយនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម តាមរយៈតំណភ្ជាប់ https://www.moc.gov.kh/document-category/official-document និងអាចស្គែនយកពី QR កូដ ដូចខាងក្រោម។
ក្រសួងពាណិជ្ជកម្ម សូមថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ អាចធ្វើការស្វែងយល់បានច្បាស់លាស់អំពីអត្ថន័យ ខ្លឹមសារ និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជួយដល់ការរីកចម្រើនសេដ្ឋកិច្ច-សង្គម រួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជនក្នុងតំបន់នោះ ឲ្យកាន់តែប្រសើរទ្បើង៕