(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកស្រី កែ ចន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត នាំយកទានចំណាំព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣វត្ត ដែលជាវត្តចុងក្រោយក្នុងចំណោមវត្តទាំង៦៤ នៅទូទាំងស្រុករលាប្អៀរ។
លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរ បានឲ្យដឹងថា ការនាំយកទានចំណាំព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣វត្តនៅក្នុងថ្ងៃនេះ គឺជាវត្តចុងក្រោយក្នុងចំណោម៦៤វត្ត សរុបនៅទូទាំងស្រុករលាប្អៀរ ដែលលោកបណ្ឌិតស ភាចារ្យ បានដង្ហែទានចំណាំព្រះវស្សា និងនាំយកនូវទេយ្យទាន រួមទាំងបច្ច័យវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តទាំង៦៤ខាងលើនេះកន្លងមក។ ដោយឡែកនៅថ្ងៃ លោកបណ្ឌិតសភាចារ្យ បាននាំយកទានចំណាំ ព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសង្ឃនៅក្នុងវត្តប្រាសាទស្ដាំ ស្ថិតក្នុងភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ។
នៅក្នុងពិធីប្រគេនទានចំណាំព្រះវស្សាគ្រឿងឧបភោគបរិភោគ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តប្រាសាទស្ដាំ នាព្រឹកនេះដែរ គឺមានព្រះសង្ឃចំនួន១៤អង្គ ដែលបាននិមន្តមកពី៣វត្ត ក្នុងនោះគឺវត្តប្រាសាទស្ដាំ, វត្តក្លែងពណ៌, និងវត្តត្រពាំងក្រវ៉ាន់ ដែលវត្តទាំង៣នេះស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ចំណែកបច្ច័យដែលវេរប្រគេនព្រះសង្ឃទាំងបីវត្ត ខាងលើនេះគឺ៖ ក្នុង១វត្តបច្ច័យ៦០ម៉ឺនរៀល ជាបច្ច័យសម្រាប់ប្រើប្រាស់ក្នុងរយៈពេលព្រះសង្ឃគង់ចាំព្រះវស្សារយៈពេល៣ខែ។ ដោយឡែកបច្ច័យបួនសម្រាប់ព្រះចៅអធិការទាំង៣វត្ត ដោយក្នុងមួយវត្ត១០ម៉ឺនរៀល និងសាមណេរសង្ឃ១១អង្គ ក្នុងមួយអង្គ៥ម៉ឺនរៀល និងប្រគេនបច្ច័យសម្រាប់កសាងក្នុងវត្តប្រាសាទស្ដាំ ចំនួន៨០ម៉ឺនរៀល។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ប្រកបដោយមនោសញ្ចេតនានឹករលឹកពីសម្ដេចទាំង៣ យ៉ាងជ្រាលជ្រៅជាទីបំផុត។
បន្ទាប់ពីបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចទាំងទ្វេរ ដល់ប្រជាពលរដ្ឋរួចហើយ លោកបណ្ឌិតសភាចារ្យ បានបន្ដថា ថ្វីបើបុណ្យចូលព្រះវស្សា បានប្រព្រឹត្តទៅតាំងពីថ្ងៃ១រោជ ខែអាសាឍ ដែលត្រូវនឹងថ្ងៃទី២១ ខែកក្កដា កន្លងទៅហើយក្តី តែខណៈពេលនេះព្រះសង្ឃកំពុងតែគង់ចាំព្រះវស្សា ទើបតែមានរយៈពេលជាង១០ថ្ងៃតែប៉ុណ្ណោះ។
ឯកានាំមកនូវទៀនចំណាំព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យផ្សេងៗក៏អាចនាំយកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា បានគ្រប់ពេលវេលាទៅតាមសទ្ធារបស់ប្រជាពុទ្ធបរិស័ទ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។ នៅថ្ងៃនេះគឺជាថ្ងៃចុងក្រោយ ដែលលោកបានដង្ហែទានចំណាំព្រះវស្សា និងគ្រឿងឧបភោគ បរិភោគរួមទាំងបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា បានចំនួន៦៤វត្តហើយ នៅទូទាំងស្រុករលាប្អៀរ។
លោកបណ្ឌិតសភាចារ្យ ក៏បានលើកឡើងអំពីសមិទ្ធផលនានាជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសក្នុងស្រុករលាប្អៀរ ដែលកន្លងមកការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលទាំងរចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន និងវត្តអារាម។ល។ ដែលសមិទ្ធផលទាំងអស់នេះ គឺជាស្នាដៃដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានយកចិត្តទុកដាក់ខ្ពស់ ផ្នែកការអភិវឌ្ឍន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសសម្ដេចបានខិតខំការពារថែរក្សានូវសុខសន្តិភាព ជូនប្រជាពលរដ្ឋឲ្យរស់នៅប្រកបដោយភាពសុខដុមរមនាទាំងបច្ចុប្បន្ន និងតទៅអនាគត។
លោកបណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុករប្អៀរ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងទាំងមូល ត្រូវត្រៀមជាស្រេចក្នុងការចូលរួមអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណន-តេជោ ដែលនឹងធ្វើឡើងព្រមៗគ្នានៅទូទាំងប្រទេស នៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ វេលាម៉ោង៩៖៩នាទីព្រឹក ត្រូវនាំគ្នាវាយជួង ទះប៉ោត វាយស្គរ ដុតកាំជ្រួចជាដើម៕