(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានភូមិចំនួន៩ ក្នុងឃុំក្បាលត្រាច និងឃុំអន្លង់ត្នោត ស្រុកក្រគរ បានទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងបន្តធ្លាក់រាយប៉ាយ មិនទាន់មានភាព ស្រាកស្រាន្តនៅឡើយ។ បើតាមការឲ្យដឹងពី លោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ ដែលបានបង្ហោះក្នុង Facbookផ្លូវការ របស់លោក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ បានបន្តថា ជំនន់ទឹកភ្លៀងនេះ បានលិចលង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន នៃឃុំក្បាលត្រាច និងឃុំអន្លង់ត្នោត ដោយផ្នែកខាងលើថ្នល់ ចាប់ពីភូមិត្រពាំងរំដេញ ភូមិឈើទាលខ្ពស់ ភូមិសំរោង ភូមិកំពង់លើ ភូមិផ្សារ ក្នុងឃុំក្បាលត្រាច រហូតដល់ភូមិទន្សាយគល់ ភូមិទួលម្កាក់ ភូមិផ្សារក្រគរ និងភូមិឃ្លាំងមឿង ក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ជាពិសេសមន្ទីរពេទ្យបង្អែកស្រុកក្រគរ បានជន់លិចជ្រៅជាងរាល់ឆ្នាំ បើប្រៀបធៀបនីវ៉ូទឹកបឹងទន្លេវិញ មានកំពស់ឡើងដល់៥,៦៥ម៉ែត្រ។
លោកអភិបាលស្រុក បានបន្តថា «បើទោះបីភ្លៀង នៅតែបន្តធ្លាក់ មិនទាន់មានភាពស្រាកស្រាន្តយ៉ាងណានោះក្តី ក៏មិនទាន់បង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋយើងឡើយ»។ ជាមួយគ្នានោះដែរ លោកបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគ្រួសារ ជាពិសេសក្មេងតូចៗ និងទ្រព្យសម្បត្តិដែលមាននៅជុំវិញផ្ទះ និងក្នុងផ្ទះផងដែរ៕