(ភ្នំពេញ)៖ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ សុទ្ធិ តំណាងលោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលជួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ លោក ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តបតាមការអញ្ជើញរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
កិច្ចជំនួបនេះមានគោលបំណងស្វែងយល់អំពីការអនុវត្តលើវិស័យសិទ្ធិមនុស្ស និងការការពាររបាយការណ៍ជាតិ នៅអង្គការសហប្រជាជាតិ ដែលដឹកនាំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១ នៃព្រឹទ្ធសភា និង គ.ស.ម.ក.។
លោក ងី ច័ន្រ្ទផល បានស្វាគមន៍ លោក កែវ សុទ្ធិ និងគណៈប្រតិភូរបស់ គ.ស.ម.ក. និងបានគូសបញ្ជាក់ពីតួនាទីភារកិច្ច និងផែនការសកម្មភាពរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតលើវិស័យសិទ្ធិមនុស្ស។
លោក កែវ សុទ្ធិ បានលើកឡើងពីឆន្ទៈរបស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារ សិទ្ធិមនុស្ស ដោយសិទ្ធិមនុស្ស ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ហើយកម្ពុជាក៏បានស្វាគមន៍វត្តមានរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាផងដែរ។
ទន្ទឹមនេះលោកក៏បានលើកឡើងពីតួនាទីរបស់ គ.ស.ម.ក. ក្នុងការសរសេររបាយការណ៍ជាតិចំនួន៥ ទៅអង្គការសហប្រជាជាតិ និងការដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួម ការពាររបាយការណ៍ជាតិទាំងនោះ រួមមាន របាយការណ៍ជាតិ នៃការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ របាយការណ៍ជាតិនៃការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ របាយការណ៍ជាតិ នៃការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ របាយការណ៍ជាតិនៃការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ និងរបាយការណ៍ជាតិនៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់។
បន្ថែមពីនេះ គ.ស.ម.ក. មានយន្តការក្នុងការទទួលពាក្យបណ្តឹង ស្រាវជ្រាវ អង្កេត និងដោះស្រាយពាក្យបណ្តឹង ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងការផ្តល់ កិច្ចពិគ្រោះយោបល់ផ្នែកច្បាប់ពីមេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក. ព្រមទាំងមានយន្តការក្នុងការអប់រំ និង ផ្សព្វផ្សាយសិទ្ធិមនុស្ស ផងដែរ។
លោក ងី ច័ន្ទផល បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ លោកក៏បានលើកឡើងនូវគំនិតផ្តួចផ្តើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១នៃព្រឹទ្ធសភា និង គ.ស.ម.ក. ដោយធ្វើការចាត់តាំងជនបង្គោល របស់គណៈកម្មការទី១នៃព្រឹទ្ធសភា និង គ.ស.ម.ក. ដើម្បីផ្លាស់ប្តូរព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស និងការចូលរួមពីតំណាងរបស់គណៈកម្មការទី១នៃព្រឹទ្ធសភា ក្នុងកម្មវិធីសិទ្ធិមនុស្សផ្សេងៗផងដែរ។
លោក កែវ សុទ្ធិ បានស្វាគមន៍នូវគំនិតផ្តួចផ្តើមនេះ និងឯកភាពចំពោះការចាត់តាំងជនបង្គោល និងការចូលរួមពីតំណាងរបស់គណៈកម្មការទី១នៃព្រឹទ្ធសភា ក្នុងកម្មវិធីសិទ្ធិមនុស្ស ដែលនឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១ នៃព្រឹទ្ធសភា និង គ.ស.ម.ក. ក្នុងវិស័យសិទ្ធិមនុស្ស៕