(បាត់ដំបង)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) ដែលជាទីភ្នាក់ងារផ្តល់ ជំនួយ ឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ រួមជាមួយក្រសួង អភិវឌ្ឍន៍ ជនបទ បានបើកដំណើរការ គម្រោងអភិវឌ្ឍន៍ភូមិ (VDP) ដែលជាផ្នែកមួយនៃកម្មវិធី ជំនួយទ្វេភាគី នៃការអភិវឌ្ឍន៍ជនបទភូមិសន្តិភាព។
ពិធីបើកដំណើរការ នេះធ្វើឡើងនៅសណ្ឋាគារស្ទឹងសង្កែខេត្តបាត់ដំបង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាទីប្រឹក្សា ក្រសួងអភិវឌ្ឍន៍ជនបទ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង លោក Shin Yonghwa នាយករងប្រចាំប្រទេសនៅការិយាល័យ កយកាប្រចាំកម្ពុជា មន្ត្រីរដ្ឋាភិបាលមូលដ្ឋាន និងគណៈកម្មាធិការ អភិវឌ្ឍន៍ភូមិ។
ពិធីនេះត្រូវបានដំណើរការដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ ភូមិរវាង ទីភ្នាក់ងារកយកា អង្គការទស្សនៈពិភពលោកដែលជាទីប្រឹក្សាគម្រោង និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០។
ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ តាមរយៈការគាំទ្រដោយថវិការប្រមាណ ១០ លានដុល្លារអាមេរិក ដែលជាគម្រោងជំនួយឥតសំណងដែលត្រូវអនុវត្តន៏ក្នុងរយៈពេល ៥ ឆ្នាំរបស់រដ្ឋាភិបាលកូរ៉េនេះ «គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ» បាននិងកំពុងផ្តោតលើខេត្តភាគពាយ័ព្យ នៃប្រទេស កម្ពុជាជាពិសេស ខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ តំបន់ទាំងនេះត្រូវបានកំណត់លក្ខណៈដោយ ប្រជាជនជនបទភាគច្រើនដែលរស់នៅ ក្នុងតំបន់ ដាច់ស្រយាល ដែលនៅតែប្រឈមមុខ នឹង បញ្ហា សេដ្ឋកិច្ចបន្ទាប់ ពីជម្លោះ សោកនាដកម្ម នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។
ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) របស់កម្ពុជា និងផែនការ យុទ្ធសាស្រ្តថវិកាខេត្ត (PSBP) គម្រោងភូមិសន្តិភាពបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការរួមគ្នារវាងរដ្ឋាភិបាលកូរ៉េ និងកម្ពុជាសម្រាប់ការអភិវឌ្ឍន៍ ប្រកប ដោយ ចីរភាព នៅក្នុងសហគមន៍ជនបទរបស់កម្ពុជា។ គម្រោង មាន គោលបំណង ជំរុញ ការអភិវឌ្ឍ ជនបទ ប្រកបដោយ បរិយាប័ន្ន និង និរន្តរភាព នៅក្នុង ភូមិ ទាំង៣០ ក្នុង ខេត្ត បាត់ដំបង បន្ទាយមានជ័យ និង ខេត្ត ប៉ៃលិន។ គម្រោងនេះផ្តោតលើការលើកកម្ពស់ជីវភាព រស់នៅជនបទ ការជំរុញប្រាក់ចំណូលកសិកម្ម និងការពង្រឹងសមត្ថភាព អភិបាល កិច្ចសម្រាប់ ការអភិវឌ្ឍជនបទ។ ជាមួយនឹងថវិកាសរុបចំនួន ១០ លានដុល្លារអាមេរិក គម្រោងភូមិសន្តិភាព បាននឹងកំពុងអនុវត្តន៏ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។
គម្រោងអភិវឌ្ឍន៍ភូមិ គឺជាធាតុផ្សំមួយក្នុងចំណោមសមាសធាតុនានាផ្សេងទៀត របស់ គម្រោង ភូមិសន្តិភាព ដែលគម្រោងនេះសង្កត់ធ្ងន់លើការចូលរួមរបស់សហគមន៍។ ការផ្តល់មូលនិធិ ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់ លើការអនុវត្តគម្រោ ដែលផ្តល់ ដោយទីភ្នាក់ងារកយកា គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០ ដែលបានជ្រើសរើស នឹងដឹកនាំគម្រោងដោយផ្ទាល់ឯង ក្នុងការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ សហគមន៍ សំខាន់ៗ រួមមានសាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ អាងស្តុកទឹក និងអគារ សហគមន៍ ដែលរៀបចំឡើងដើម្បីបំពេញតម្រូវការជាក់លាក់នៃភូមិគោលដៅទាំង៣០ និងដើម្បីការ លើក កម្ពស់លទ្ធភាពទទួលបានសេវាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកស្រី ស៊ូ ហឿន ប្រធានភូមិ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ កញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងបានថ្លែងអំណរគុណចំពោះ គម្រោងអភិវឌ្ឍន៍ភូមិនិងបង្ហាញឆន្ទៈយ៉ាងមុះមុត ក្នុងការអនុវត្ត គម្រោង ប្រកបដោយ ប្រសិទ្ធភាព ដោយបញ្ជាក់ថា «ខ្ញុំរីករាយក្នុងការដឹកនាំ គម្រោងអភិវឌ្ឍន៍ភូមិនេះដោយ ផ្អែកលើតម្រូវការដែលយើងខ្លួនបានជ្រើសរើសតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់សម្រាប់អភិបាលកិច្ចអភិវឌ្ឍន៍ភូមិ។ ខ្ញូំនឹងខិតខំ ប្រឹងប្រែង ឲ្យអស់សមត្តិភាពចំពោះការធ្វើឲ្យ គម្រោងអភិវឌ្ឍន៍ភូមិរបស់ យើងទទួលបាន ជោគជ័យ ដោយផ្តល់ ប្រយោជន៍ ដល់ អ្នក ភូមិ ទាំង អស់គ្នា»៕