(កំពង់ស្ពឺ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គ្រោងធ្វើការកម្ទេចចោលនូវទំនិញគ្មានការទាមទារ ដែលខូចគុណភាពប្រមាណជាង ៦០០តោន នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ទីរជំនាញខេត្តក្នុងការកំណត់វិធីសាស្រ្តកម្ទេចប្រកបដោយសុវត្ថិភាព នេះបើយោងតាមការឱ្យដឹងក្នុងកិច្ចប្រជុំស្តីពីការកំណត់វិធីសាស្រ្តក្នុងការកម្ទេចចោលទំនិញគ្មានការទាមទារដែលខូចគុណភាព ស្ថិតក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធខេត្ត។

តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះ បានឱ្យដឹងថា កន្លងមក មន្ត្រីជំនាញគយនិងរដ្ឋាករ បានបង្រ្កាបបានទំនិញល្មើសនឹងច្បាប់ស្តីពីគយជាច្រើនមុខទំនិញ ដែលម្ចាស់មិនព្រមចូលខ្លួនមកដោះស្រាយ ហើយត្រូវបានចាត់បញ្ចូលជាទំនិញគ្មានការទាមទារស្របតាមនីតិវិធីជាធរមាន ដូចមានកំណត់ក្នុងប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងទំនិញគ្មានការទាមទារ។ ក្នុងចំណោមទំនិញគ្មានការទាមទារទាំងនោះ បច្ចុប្បន្ន មានចំនួន ១២៣ មុខទំនិញ បានខូចគុណភាព និងជាកម្មវត្ថុនៃការកម្ទេចចោលតាមវិធីសាស្រ្តកម្ទេចដែលនឹងត្រូវកំណត់ដោយស្ថាប័នជំនាញ។

ទំនិញគ្មានការទាមទារដែលខូចគុណភាពទាំង ១២៣ មុខ ត្រូវបានបែងចែកជា ៥ ប្រភេទ រួមមាន
១-បារីចំរុះម៉ាក និងធាតុផ្សំនានា ៤១មុខ ស្មើនឹង ១៣២,៩០២ គីឡូក្រាម។
២-ថ្នាំកសិកម្មនិងសារធាតុគីមី ១៣ មុខស្មើនឹង ១១០,៦៤៦គីឡូក្រាម ។
៣-ភេសជ្ជៈនិងចំណីអាហារ ២០ មុខ ស្មើនឹង ១៤៤,៩៧៤គីឡូក្រាម។
៤-សំណល់ផ្លាស្ទិក កៅស៊ូក្រាលថ្នល់និងអាគុយប្រើរួច៩មុខស្មើនឹង ១៧៧,៧១៥ គីឡូក្រាម ។
៥-សម្ភារៈប្រើប្រាស់និងទំនិញផ្សេងៗ៤០មុខ ស្មើនឹង៨៤,២៣៥គីឡូក្រាម ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងថា រដ្ឋបាលខេត្តនឹងចូលរួមគាំទ្រនិងសម្រួលដល់ការងារកម្ទេចចោលនេះ ប៉ុន្តែលោកបានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវចូលរួមពិនិត្យវាយម្លៃ និងញែកឱ្យដាច់រវាងទំនិញនិងផលិតផលដែលមានផលប៉ះពាល់ខ្ពស់ដល់មនុស្ស សត្វ បរិស្ថានរួមទាំង រុក្ខជាតិ និងត្រូវរកឱ្យឃើញថាតើទំនិញឬផលិតផលណាមួយត្រូវកិនកំទេច កប់ និងដុតបំផ្លាញ ដើម្បីជៀសវាងនូវផលប៉ះពាល់ខាងលើ។ មួយវិញទៀត លោកបានស្នើឱ្យពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ឡដុត ដែលអាចដុតបំផ្លាញនូវទំនិញទាំងអស់ខាងលើបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងមានបន្សល់កាកសំណល់តិចតួចដែលអាចមានផលប៉ះពាល់ស្ថិតក្នុងកម្រិតទាបបំផុត។

ជាមួយនោះដែរ លោក ក៏បានណែនាំឱ្យបង្កើតគណកម្មការរួមមួយរវាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ អង្គភាពពាក់ព័ន្ធ និងមន្រ្តីគយ ដើម្បីទទួលបន្ទុករៀបចំការងារខាងលើ ដោយត្រូវគិតគូរឱ្យបានគត់មត់នូវផលប៉ះពាល់នានាដែលអាចកើតមាន មកលើការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្រ្តជិតទីតាំងកម្ទេចនោះផងដែរ ៕