(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា ខេត្តទាំង៤ រួមមាន៖ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដែលកម្ពុជាដាក់ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀមណាម កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា កាលពីឆ្នាំ២០០២ មុននឹងយើងទៅដល់ខេត្តរតនគិរី យើងត្រូវជិះឡានដេកផ្លូវមួយយប់បានទៅដល់ខេត្តរតនគិរី គឺផ្លូវមហាពិបាក តែឥលូវនេះខេត្តរតនគិរី អាចទៅមកវិលល្ងាចបាន ដែលនេះវាបានបង្ហាញពីការអភិវឌ្ឍរបស់ប្រទេសយើង មិនមែនយើងទៅអភិវឌ្ឍន៍ឱ្យប្រទេសយើងដួលរលំនោះទេ។ លោកអះអាងថា បើកាលណាគេចង់បានទឹកដីយើង តំបន់នោះអត់អភិវឌ្ឍន៍ទេ គ្មានរីស៊តទៅនៅទេ តែឥលូវទៅដល់រតនគីរី និងមណ្ឌលគិរី មានសុទ្ធតែរីស៊តនៅលើភ្នំ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា មកដល់ពេលនេះតំបន់ទេសចរណ៍នៅក្នុងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង មានការអភិវឌ្ឍយ៉ាងច្រើន ក្នុងនោះក៏មានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ ដែលនេះបានបង្ហាញពីអធិបតេយ្យភាពរបស់ខ្មែរ និងបានបង្ហាញថា គ្មានអ្នកណាមកយកទឹកដីខ្មែរនោះទេ ហើយការអភិវឌ្ឍនេះក៏បានឆ្លុះបញ្ចាំងឱ្យពលរដ្ឋបានឃើញរួចហើយផងដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ទៀតថា សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែងនេះ សុទ្ធតែបង្ហាញពីការរីកចម្រើនទាំងប្រាក់ចំណូលក៏កើនឡើង ទំហំនៃការវិនិយោគក៏កើនឡើង និងការនាំចេញសុទ្ធតែមានកំណើន ហើយតំបន់ទាំងនេះសុទ្ធតែមានការអភិវឌ្ឍ ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា មិនមានគេចង់យកដីយើងនោះទេ។
គួរបញ្ជាក់ឱ្យដឹងថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមគឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត ប្រទេសឡាវ មានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។
តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អះអាងថា ខេត្តដែលកម្ពុជានៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ (Video inside)