(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសដែលជាប់ព្រំដែននឹងគ្នា តែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍ មិនមែនមានតែកម្ពុជានោះទេ។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងវេទិកាតុមូលជជែកពិភាក្សាស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម» ដែលបានរៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ដោយមានវត្តមានវាគ្មិន៤រូប ចូលរួមគឺ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត យង់ ពៅ, លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាសាស្រ្តទំនាកទំនងអន្តរជាតិនៃកម្ពុជា, លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងសម្របសម្រួលដោយលោកបណ្ឌិត គិន ភា ប្រធានវិទ្យាសាស្រ្តទំនាកទំនងអន្តរជាតិនៃកម្ពុជា និងមានការចូលរួមពីសិក្ខាកាមជិត២០០នាក់ផងដែរ។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថាកាលពីឆ្នាំ២០១៣ លោកបានធ្វើដំណើរទៅដល់ចំណុចប្រសព្វមុមបីរបស់ប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយតំបន់អភិវឌ្ឍន៍ត្រីកោណនេះមានច្រើនប្រភេទ មិនមែនមានតែកម្ពុជានោះទេ។ លោកបន្តថា មុននឹងធ្វើការបោះបង្គោលព្រំដែននៅចំណុចមុមបីនៅឆ្នាំ២០១៥នោះ គឺបានអញ្ជើញអ្នកនយោបាយកម្ពុជាដែលបានតស៊ូមតិខ្លាំងទៅលើកិច្ចការព្រំដែន មានខាងអតីតគណបក្សសង្គ្រោះជាតិ និងតំណាងគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការផ្ទៀងផ្ទាត់ផែនទីជាមួយគ្នា ខណៈដែលភាគីទាំងពីរមានផែនទីពីរផ្សេងគ្នា តែមកដល់ពេលនេះនៅមានផែនទី២ផ្ទាំងរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនទាន់បានប្រគល់ជូនរាជបណ្ឌិត្យសភាកម្ពុជានៅឡើយ។
លោកបណ្ឌិត បានបន្តថា យើងធ្វើការពឹងផ្អែកលើឯកសារ ផ្អែកលើការចុះទៅដល់ផ្ទាល់ ដោយមិនអង្គុយតែនៅការិយាល័យចាំតែថានោះទេ ត្បិតអ្នកស្រាវជ្រាវត្រូវចាប់ជ្រុងខាងវិទ្យាសាស្រ្តឱ្យបាន។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា៖ «តំបន់អភិវឌ្ឍន៍ត្រីកោណ ឬអភិវឌ្ឍន៍ផ្សេងទៀត គឺរដ្ឋាភិបាលបណ្ដាប្រទេសដែលជាប់ព្រំដែនគ្នា គេតែងធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីទាញកម្លាំងអភិវឌ្ឍដែលនៅតំបន់ដាច់ស្រយាល...ចិន-ឡាវ-វៀតណាម ក៏មានតំបន់អភិវឌ្ឍន៍ CHLV Triangle, តំបន់អភិវឌ្ឍន៍ភូមា-ចិន-ថៃ ក៏មាន Green Triangle, តំបន់អភិវឌ្ឍន៍ត្រីកោណមាស ដែលជាតំបន់យើងបានឮច្រើនជាងគេដែរ ដែលមានឡាវ-ថៃ-ភូមា, តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលហៅថា CLV-DTA, តំបន់អភិវឌ្ឍន៍ត្រីកោណមរកត កម្ពុជា-ឡាវ-ថៃ..ធ្វើនៅតំបន់ណាដែលមិនសូវដំណើរការ វាអាស្រ័យទៅលើទិដ្ឋភាពនៃប្រទេស ដែលអភិវឌ្ឍនោះ...គ្មានអ្វីចម្លែកទេសូមកុំប្លែក ដូច្នេះត្រូវអានឯកសារឱ្យបានច្រើនប្រសិនមិនបានចុះទៅផ្ទាល់»។
លោកបណ្ឌិត បានបន្ថែមថា កង្វល់រឿងជាតិគឺជារឿងត្រឹមត្រូវប៉ុន្តែត្រូវមានបន្ទាត់ក្រហមសម្រាប់ខ្លួនឯង ពេលខ្លះគេលាក់របៀបវារៈនយោបាយនៅក្រោយខ្នង គេរុញឱ្យយើងខ្វល់ប៉ុន្តែពេលមានរបៀបវារៈនយោបាយពីក្រោយយើងមិនដឹង ប៉ុន្តែសម្រាប់អ្នកដែលយល់ពីនយោបាយច្បាស់នឹងយល់ពីចេតនារបស់អ្នកធ្វើនយោបាយ ហើយដឹងថាត្រូវធ្វើប្រតិកម្មបែបណាឱ្យត្រឹមត្រូវ។
លើសពីនេះ លោកបានសង្កត់ធ្ងន់ថា រាល់ការធ្វើប្រតិកម្មត្រូវតែធ្វើឱ្យចំណេញដល់សង្គមជាតិ ត្រូវចេះគណនានយោបាយឱ្យបាន ហើយត្រូវចាំថា នៅពេលសង្គមជាតិមានបញ្ហាច្របូកច្របល់ ទោះចង់ធ្វើពាណិជ្ជកម្មយ៉ាងម៉េចក៏ពិបាកដែរ ដូច្នេះត្រូវគណនាធ្វើយ៉ាងម៉េចឱ្យសង្គមរីកចម្រើន នេះគឺជាចំណែកមួយដ៏សំខាន់ណាស់។
បន្ថែមពីនេះ លោកបណ្ឌិតបានបន្តថាប្រជាជាតិទាំងអស់ជាកោសិកានៃសង្គមជាតិ បើមានមនុស្សម្នាក់ធ្វើឱ្យខូចកោសិកាណាមួយដល់សង្គមជាតិ ប្រជាជាតិទាំងអស់ ក៏មិនអាចធ្វើសកម្មភាពជាប្រចាំថ្ងៃបានល្អដែរ៕