(កំពង់ធំ)៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការត្រួតពិនិត្យ កិច្ចការប្រុងប្រៀបរៀបចំអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅនៅវេលាម៉ោង៩៖០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ដើម្បីឲ្យពិធីអបអរសាទរនេះ ប្រព្រឹត្តទៅប្រកបដោយភាពមហោឡារិក និងអធឹកអធម បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រុងប្រៀបរៀបចំពិធីអបអរសាទរ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
លោកថា បានរៀបចំ ឲ្យមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន យ៉ាងច្រើនកុះករ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនៅគ្រប់បណ្តាកងអង្គភាព ក៏មានរៀបចំ កម្មវិធីនេះ ដូចៗគ្នា ដោយត្រូវរៀបចំឲ្យមានការវាយជួង ទូងស្គរ វាយរគាំង គ្រវីទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រផងដែរ។
លោកបានបន្ថែមទៀតថា ការសាងសង់ព្រែកជីកហ្វូណនតេជោនេះ បានផ្តល់ផលប្រយោជន៍ដ៏ធំធេងមហិមា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ទាំងមូល ពិសេស ជាសមិទ្ធផលថ្មី មួយទៀតក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនៃអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់កូនចៅយើង នៅជំនាន់ក្រោយៗរាប់ពាន់ឆ្នាំតទៅមុខទៀត។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ ឲ្យទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា៕