(ភ្នំពេញ)៖ លោកស្រី ស៊ុន ហៀង នាយិកាសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានទួលពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ាន ដែលប្រគល់ដោយ លោកស្រីវេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងបើកកម្មវិធីវេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន និងពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ាន២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
វេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន និងពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យស្ត្រីនៅ ក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅ ក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។
សាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា គឺជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញសក់ និងសាឡន នៅកម្ពុជា ដែលមានវ័យចំណាស់ បទពិសោធន៍ច្រើនច្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅកម្ពុជា។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃ វេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award)។ វេទិកានេះ ជាឱកាសល្អមួយ សម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យកម្សាន្តនៅកម្ពុជា។
ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្ររាជរដ្ឋាភិបាល ដែល ដឹកនាំដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត និងជាការគាំទ្រយ៉ាងសំខាន់ ទៅដល់គោលនយោបាយអាស៊ាន និងអន្តរជាតិ នៅក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យជំនួញនានា ដើម្បីការរីកចម្រើនលូតលាស់ទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ប្រកបដោយចេរភាព និងវឌ្ឍនភាព។
វេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសហគ្រិនកម្ពុជា និងសហគ្រិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រមាណជាង៣០០នាក់៕